(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទំនងជានឹងរៀបចំកាលវិភាគឡើងវិញ ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅប៉ុន្មានសប្ដាហ៍ខាងមុខ ខណៈមហាអំណាចទាំង២ បានព្យាយាមបន្ធូរបន្ថយភាពតានតឹងជាថ្មី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

លោក Blinken ធ្លាប់មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានលុបចោលទៅវិញ បន្ទាប់ពី សហរដ្ឋអាមេរិកបានប្រទះឃើញ និងក្រោយមកបានបាញ់ទម្លាក់បាឡុងមួយគ្រឿងរបស់ចិន។ មន្ទីរបញ្ចកោណបានអះអាងថាបាឡុងរបស់ចិនដែលហោះចូលក្នុង ដែនអាកាសអាមេរិក គឺជាបាឡុងស៊ើបការណ៍ តែខាងទីក្រុងប៉េកាំងអះអាងថាជាបាឡុងស៊ីវិលធម្មតាប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ កាលពីប៉ុន្មានថ្ងៃមុននេះ សហរដ្ឋអាមេរិក និងចិន បានបង្ហាញពីសុទិដ្ឋិនិយមរៀងៗខ្លួន ចំពោះដំណើរទស្សនកិច្ចរបស់ឧបការីរដ្ឋមន្ត្រីការបរទេស អាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គឺលោក ដានីញែល គ្រីធិនប្រ៊ីន (Daniel Kritenbrink) ដែលជាអ្នកទទួលខុសត្រូវរៀបចំគម្រោងទស្សនកិច្ច របស់លោក Blinken កាលពីលើកមុន។

បើតាមមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក Blinken ទំនងជាអាចរៀបចំកាលវិភាគរបស់ឡើងវិញ ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅប៉ុន្មានសប្ដាហ៍ខាងមុខ តែកាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចនេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បានបញ្ជាក់ដែរថាកិច្ចសន្ទនារវាងក្រុមមន្ត្រីអាមេរិក និងចិន ក្នុងទីក្រុងប៉េកាំង នាពេលថ្មីៗនេះបានផ្ដល់ភាពវិជ្ជមានលើដំណើរទស្សនកិច្ចរបស់លោក Blinken នៅពេលអនាគត ខណៈខាងក្រសួងការបរទេសអាមេរិកឱ្យដឹងថាការរៀបចំ កាលវិភាគនៃដំណើរទស្សនកិច្ច នឹងធ្វើឡើងនៅពេលលក្ខខណ្ឌអំណោយផល៕