(ក្រុងគែរ)៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃអង្គារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បន្ទាប់ពីប៉ូលិសអេហ្ស៊ីបម្នាក់បានបាញ់សម្លាប់ទាហានអ៊ីស្រាអែលបីនាក់ មុនពេលត្រូវបានបាញ់សម្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យរបស់ប្រធានាធិបតីអេហ្ស៊ីបបាននិយាយថា លោក Sisi បានទទួលទូរសព្ទពីលោក Netanyahu ដើម្បីពិភាក្សាគ្នាអំពីអំពើហឹង្សាដ៏សាហាវនៅព្រំដែនកាលពីថ្ងៃសៅរ៍។
ក្នុងអំឡុងពេលសន្ទនា មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើ «សារៈសំខាន់នៃការសម្របសម្រួលរវាងប្រទេសទាំងពីរ ដើម្បីបញ្ជាក់អំពីស្ថានភាព»។
អាជ្ញាធរអេហ្ស៊ីបបាននិយាយថា មន្ត្រីប៉ូលីសបានឆ្លងចូលទៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងការតាមប្រមាញ់អ្នករត់ពន្ធគ្រឿងញៀន ដែលនាំឱ្យមានការបាញ់ប្រហារគ្នាជាមួយទាហានអ៊ីស្រាអែល។
កាលពីថ្ងៃសៅរ៍ លោក Netanyahu បានហៅអ្នកបាញ់ប្រហារជនជាតិអេហ្ស៊ីបថាជា «ភេរវករ» ទោះបីជាលោកបានសំដៅទៅលើការបាញ់ប្រហារនេះថាជា «ឧប្បត្តិហេតុ» ក៏ដោយ។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា លោក Sisi បានបង្ហាញដល់ លោក Netanyahu នូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ។
ទន្ទឹមគ្នានេះមេដឹកនាំទាំងពីរបានសម្តែងការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យ សន្តិសុខដែលមានសារៈសំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ។
ព្រំដែនអ៊ីស្រាអែលជាមួយអេហ្ស៊ីប មានភាពស្ងប់ស្ងាត់ធម្មតាចាប់តាំងពីអេហ្ស៊ីបបានក្លាយជាប្រទេសអារ៉ាប់ដំបូងគេ ដែលបង្កើតសន្តិភាពជាមួយអ៊ីស្រាអែល បន្ទាប់ពីកិច្ចព្រមព្រៀង Camp David កាលពីឆ្នាំ១៩៧៨។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កើតមានការផ្ទុះអាវុធរវាងអ្នករត់ពន្ធគ្រឿងញៀន និងទាហានអ៊ីស្រាអែល ដែលឈរជើងនៅតាមព្រំដែន៕