(កៀវ)៖ ហេតុការណ៍ផ្ទុះបានកើតមានឡើង នៅទំនប់វារីអគ្គិសនីសម័យសូវៀតមួយកន្លែង ក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៉ី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន នាថ្ងៃអង្គារនេះ ខណៈទីក្រុងកៀវនិងទីក្រុងមូស្គូ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។
ទំនប់វារីអគ្គិសនី ណូវ៉ា កាខូវកា (Nova Kakhovka) ដែលមានកម្ពស់៣០ម៉ែត្រ និងបណ្តោយប្រវែង៣.២គីឡូម៉ែត្រ ស្តុកទឺកក្នុងបរិមាណស្មើទៅនឹង បឹង Great Salt Lake នៅឯរដ្ឋយូតា (Utah) របស់សហរដ្ឋអាមេរិក ហើយវាត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៥៦ នៅលើទន្លេឌីនីប្រូ (Dnipro)។ ទំនប់វារីអគ្គិសនីនេះក៏ផ្គត់ផ្គង់ទឹកផងដែរ ទៅកាន់ឧបទ្វីបគ្រីមៀ ដែលត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងទៅកាន់ស្ថានីយថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី ដូចគ្នា។
គួរបញ្ជាក់ថា យោធាអ៊ុយក្រែនបានចោទកងកម្លាំងរុស្ស៉ី ជាអ្នកបំផ្ទុះទំនប់ខាងលើ ខណៈរុស្ស៉ីបានចោទប្រកាន់បកទៅលើខាងអ៊ុយក្រែនវិញ។ ទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាអ៊ុយក្រែន បានបង្ហោះសារលើបណ្តាញ Facebook យ៉ាងដូច្នេះថា «ទំនប់ Kakhovka បានទទួលរងការបំផ្ទុះដោយកងកម្លាំងរុស្ស៉ី ដែលកំពុងត្រួតត្រានៅតំបន់នោះ។ ទំហំនៃការខូចខាត ល្បឿននិងបរិមាណទឹកដែលលេចធ្លាយ ព្រមទាំងកន្លែងដែលទំនងជាត្រូវជន់លិច កំពុងស្ថិតក្រោមការបញ្ជាក់»។ រីឯប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ីវិញ បានរាយការណ៍ថា ទំនប់ទឺកនោះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៉ី គឺបានរងការបំផ្លិចបំផ្លាញ កំលុងការបាញ់ផ្លោង ខណៈមន្រ្តីក្នុងតំបន់ម្នាក់ដែលតែងតាំងដោយរុស្ស៉ី បានអះអាងថា វាគឺជាការវាយប្រហារភេរវកម្ម ដែលចង់សំដៅលើការវាយប្រហារធ្វើឡើងដោយអ៊ុយក្រែន៕