(តូក្យូ)៖ សារព័ត៌មានជប៉ុន Nikkei Asia កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅ បានរាយការណ៍ថាអង្គការ NATO មានបំណងបើកការិយាល័យទំនាក់ទំនង នៅក្នុងប្រទេសជប៉ុន ដែលជាការិយាល័យដំបូងបំផុតរបស់បក្សសម្ព័ន្ធយោធាមួយនេះក្នុងតំបន់អាស៊ី ដើម្បីសម្របសម្រួលការពិគ្រោះយោបល់ជាមួយជប៉ុន និងប្រទេសជាដៃគូដទៃទៀតក្នុងតំបន់ ដូចជា កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

NATO និងជប៉ុនក៏មានគម្រោងធ្វើបច្ចុប្បន្នភាពផងដែរនូវកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ cyberspace ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបច្ចេកវិទ្យាសំខាន់ៗ ជាច្រើនទៀត ខណៈភាគីទាំង២ ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកម្មវិធីភាពជាដៃគូ Individually Tailored Partnership Program នៅមុនការបើកកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវីលនីញូស នៃប្រទេសលីទុយអានី ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដាខាងមុខ។ ការប្រកាសពីព័ត៌មានទាំងនេះ កើតមានឡើងបន្ទាប់ពី NATO បានបញ្ចូលចិនទៅក្នុង យុទ្ធសាស្ត្ររបស់ខ្លួនជាលើកដំបូង កាលពីឆ្នាំ២០២២ ដោយចាត់ទុកថាមហិច្ឆតា និងអាកប្បកិរិយារបស់ចិនគឺជាការប្រកួតប្រជែងជាលក្ខណៈប្រព័ន្ធចំពោះសន្តិសុខ អន្តរអាត្លង់ទិក។

ជាការពិតណាស់ ទោះជាបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហាក់ស្វាគមន៍នឹងគំនិតបង្កើតការិយាល័យ NATO ក្នុងប្រទេសជប៉ុនក៏ពិតមែន តែការចូលរួមកាន់តែជ្រៅរបស់ បក្សសម្ព័ន្ធយោធានេះនៅក្នុងតំបន់ នឹងបង្កគុណវិបត្តិច្រើនជាងគុណសម្បត្តិដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីទាំងមូល។ បើគេនិយាយពីយោធា កងទ័ពជើងទឹក និងអាកាស របស់បណ្ដាប្រទេសអឺរ៉ុប មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ ឬកំញើញកុំឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់នោះឡើយ។

មានប្រទេសអឺរ៉ុបតែ ២គត់ គឺបារាំង និងចក្រភពអង់គ្លេស ដែលមានសមត្ថភាពអាចរក្សាវត្តមានជាប្រចាំក្នុងតំបន់។ តែទន្ទឹមគ្នា ប្រទេសមហាអំណាចអឺរ៉ុបទាំង២នេះទៀតសោត ក៏មិនមានសមត្ថភាពដាក់ពង្រាយ ឬបញ្ជូននាវាចម្បាំងលើស ៧គ្រឿង រួមទាំងនាវាពិឃាដលើស ២គ្រឿង មកកាន់តំបន់ ក្នុងរយៈពេលយូរបាននោះដែរ។ ចំណែក កងទ័ពអាកាស អឺរ៉ុបវិញ មិនមានសមត្ថភាពបញ្ចេញអំណាចកងទ័ពអាកាសដោយឯករាជ្យពីអឺរ៉ុបមកអាស៊ីនោះទេ ពោលគឺបណ្ដាប្រទេសអឺរ៉ុបដែលផ្ដេកផ្ដួលលើសហរដ្ឋអាមេរិករាប់សិបឆ្នាំមកនេះ មានយន្ដហោះចម្បាំងជំនាន់ទី៥ តិចតួច និងគ្មានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ហើយនេះមិនទាន់រាប់បញ្ចូលអសមត្ថភាពខាងឡូហ្ស៉ីស្ទិក រួមមានការចាក់សាំងលើ អាកាស ការដឹកជញ្ជូន និងសមត្ថភាពប្រមូលព័ត៌មានស៊ើបសម្ងាត់ជាដើម។ និយាយឱ្យងាយយល់ ការពង្រីកតួនាទីរបស់ NATO ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជាមហិច្ឆតាមិន មើលពីសមត្ថភាពខ្លួនឯង។

មិនតែប៉ុណ្ណោះ ការពង្រីកតួនាទីនេះ ក៏នឹងបង្កើនហានិភ័យសន្តិសុខនៅក្នុងតំបន់ដែរ។ ចក្ខុវិស័យដ៏ទូលំទូលាយរបស់ NATO ចំពោះទីក្រុងប៉េកាំង គឺគ្រាន់តែជាប្រតិកម្មការពារ ទប់ស្កាត់ការកើនឡើងអំណាចរបស់ចិន និងមហិច្ឆតាយុទ្ធសាស្ត្រ ជាពិសេសពាក់ព័ន្ធនឹងការប្រកាសពីទំនាក់ទំនងគ្មានព្រំដែនជាមួយរុស្ស៉ី។ «យើងត្រូវតែប្រឈមមុខនឹងការពិត ដែលចិនខិតកាន់តែជិតស្និទ្ធនឹងពួកយើង ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល cyberspace ក្នុងតំបន់អាក់ទិក និងនៅក្នុងតំបន់អឺរ៉ុប។ យើងមិនបានចាត់ទុកចិនជាសត្រូវ ឬជាគូប្រជែង នោះទេ»។ នេះជាការលើកឡើងរបស់អគ្គលេខាធិការ NATO លោក Jens Stoltenberg។

តែទោះជាការប្រឈមមុខជាមួយចិនរបស់ NATO មានធម្មជាតិត្រឹមតែការពារ ឬទប់ស្កាត់ក៏ដោយ ក៏គោលនយោបាយ និងវោហាសាស្ត្រកន្លងមក អាចនឹងត្រូវបានចិនចាត់ទុកថា ជាការបង្កហេតុដែលនឹងជំរុញឱ្យថ្នាក់ដឹកនាំចិនកាន់តែប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះ NATO និងប្រទេសជាសមាជិក។ វាក៏នឹងធ្វើឱ្យទីក្រុងប៉េកាំងកាន់តែសង្ស័យ និងភ័យខ្លាចដែរពី ការប៉ុនប៉ងឡោមព័ទ្ធចិន ពីសំណាក់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងប្រទេសជាដៃគូក្នុងតំបន់អឺរ៉ុប ព្រមទាំងឥណ្ឌូប៉ាស៊ីហ្វិក។

ក្រសួងការបរទេសចិន កាលពីដើមខែឧសភាកន្លងទៅ បានព្រមានថា ការបន្តពង្រីកឥទ្ធិពលរបស់ NATO​ ឆ្ពោះមកទិសខាងកើត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការលូកលាន់ កិច្ចការក្នុងតំបន់ ព្យាយាមបំផ្លាញសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដោយនឹងជំរុញឱ្យមានការប្រឈមមុខដាក់គ្នា ដែលនេះតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបណ្ដាប្រទេសក្នុងតំបន់។ ការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងផែនការបើកការិយាល័យ NATO ក្នុងប្រទេសជប៉ុន។ ការមិនទុកចិត្តរបស់ចិនចំពោះ NATO មានតាំងតែពីយូរ មកហើយ ក្នុងនោះរួមមានទាំងការជំទាស់ទៅនឹងការពង្រីកឥទ្ធិពល NATO ឆ្ពោះមកកាន់ទិសខាងកើត និងការពង្រីកបេសកកម្មរបស់ខ្លួននៅក្រៅតំបន់អឺរ៉ុប ហើយចិនក៏មិនអាច បំភ្លេចបាននោះដែរ រឿងដែល NATO ទម្លាក់គ្រាប់បែកដោយចៃដន្យលើស្ថានទូតរបស់ខ្លួនប្រចាំទីក្រុង Belgrade ក្នុងឆ្នាំ១៩៩៩។

ដូច្នេះបើទោះជាសហភាពអឺរ៉ុប មានឆន្ទៈប្រកបដោយសន្តិភាពឆ្ពោះចិនក៏ដោយ ក៏ការពង្រីកឥទ្ធិពលយោធារបស់ NATO និងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាចនឹងត្រូវទីក្រុងប៉េកាំងបកស្រាយថាជាសកម្មភាពគំរាមកំហែង ដែលនឹងជំរុញឱ្យចិនរកវិធីសាស្ត្រទប់ទល់ និងវាយបក ក៏ដូចជានឹងកាន់តែបង្កើន ទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី។ ការណ៍នេះនឹងបង្កទៅជាអស្ថិរភាព ព្រមទាំងបំផ្លាញដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់អឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក។

បើតាមលោកស្រី Kelly Grieco ជាអ្នកវិភាគម្នាក់មកពីមជ្ឈមណ្ឌល stimson មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក យុទ្ធសាស្ត្រដ៏ឆ្លាតវៃ និងប្រកបដោយប្រសិទ្ធភាព នោះគឺការទុកឱ្យ សហភាពអឺរ៉ុបដើរតួនាទីនាំមុខជំនួស NATO ក្នុងការចូលរួម និងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ី ទាំងការដោះស្រាយជាមួយចិនលើបញ្ហាអភិបាលកិច្ចសកល ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។ អ្វីដែលប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវការ គឺឥទ្ធិពលការទូត សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនធាន និងបច្ចេកវិទ្យារបស់ សហភាពអឺរ៉ុប ដើម្បីអាចរក្សាតុល្យភាព ហើយអាចសហការជាមួយចិនផង និងប្រឆាំងជាមួយចិនផង ទៅតាមកាលៈទេសៈ។

ការប្រកួតប្រជែងជាមួយចិន គឺជារឿងចៀសមិនរួច តែវាក៏អាចមានព្រំដែនកំណត់ផងដែរ។ ក្នុងន័យនេះ NATO គួរតែកាត់បន្ថយមហិច្ឆតារបស់ខ្លួន និងទទួលស្គាល់ការបើកផ្លូវឱ្យ សហភាពអឺរ៉ុប ដើរតួនាទីនាំមុខ ក្នុងការជួយរក្សាតុល្យភាពប្រជែងនឹងអំណាច និងឥទ្ធិពលរបស់ចិនក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច៕