(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនមើលមិនឃើញេពីលទ្ធភាពដែលអាចទៅរួច ក្នុងការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដែលគ្រោងនឹងផុតកំណត់នៅពាក់កណ្តាលខែកក្កដានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ដោយដកស្រង់សម្តីពីក្រសួង ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា រុស្ស៉ីកំពុងបន្តការពិគ្រោះយោបល់ជាមួយអង្គការសហប្រជាជាតិ ហើយបានបន្តការត្រួតពិនិត្យកប៉ាល់ឡើងវិញ។ ជុំថ្មីនៃកិច្ចចរចារុស្ស៊ី-អង្គការសហប្រជាជាតិនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះ។

កិច្ចព្រមព្រៀងនេះត្រូវបានសម្របសម្រួលដោយភាគីតួកគី និងអង្គការសហប្រជាជាតិកាលពីខែកក្កដាឆ្នាំមុន ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែភាគខាងត្បូងរបស់ខ្លួន ដែលត្រូវបានរារាំងដោយរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយលើអ៊ុយក្រែន។

ដើម្បីជួយបញ្ចុះបញ្ចូលរុស្ស៊ីឱ្យគាំទ្រកិច្ចព្រមព្រៀងនេះ កិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំក៏ត្រូវបានសម្រេចកាលពីខែកក្កដាឆ្នាំមុនផងដែរ ដែលអង្គការសហប្រជាជាតិបានយល់ព្រមជួយទីក្រុងមូស្គូ ក្នុងការដឹកជញ្ជូនស្បៀងអាហារ និងជីរបស់ខ្លួន។

រុស្ស៊ីបានគំរាមម្តងហើយម្តងទៀតថា នឹងចាកចេញពីកិច្ចព្រមព្រៀងនេះ ដោយត្អូញត្អែរថា ឧបសគ្គនៅតែកើតមានចំពោះការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួន។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តជាចុងក្រោយនៅថ្ងៃទី១៨ ខែឧសភា នៅពេលដែលរុស្ស៊ីបានយល់ព្រមបន្តវាសម្រាប់រយៈពេល ៦០ថ្ងៃទៀតរហូតដល់ថ្ងៃទី១៧ ខែកក្កដា៕