(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឱ្យដឹងនៅថ្ងៃចន្ទនេះថា ទឹកជំនន់បានឆក់យកជីវិតមនុស្ស ០៣នាក់ និងខូចខាតផ្ទះជិត ៩៩០ខ្នង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ធំទូលាយ នៃឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងខេត្ត Aichi និង Shizuoka ភាគកណ្តាលរបស់ប្រទេសជប៉ុន ជាកន្លែងដែលព្យុះទីហ្វុងបាននាំមកនូវភ្លៀងដ៏ខ្លាំងក្លាចាប់តាំងពីថ្ងៃសុក្រ បានបញ្ជាក់ពីការខូចខាត ខណៈការស្តារឡើងវិញនៅតែដំណើរការនៅឡើយ។
យោងតាមប៉ូលីសក្នុងតំបន់បានឱ្យដឹងថា បុរសអាយុ ៧៤ឆ្នាំម្នាក់មកពីទីក្រុង Iwata ដែលត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនមុននេះ ត្រូវបានគេបញ្ជាក់ថាបានស្លាប់។ សាកសព ត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រ Fukuroi ក្នុងខេត្ត Shizuoka កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣នាក់នៅក្នុងខេត្តទាំងពីរ។
ចំនួនផ្ទះលិចទឹកសរុបបានកើនដល់ ២៧៣ខ្នងនៅក្នុងខេត្ត Aichi និង៧១៧ខ្នងនៅក្នុងខេត្ត Shizuoka។
របាយការណ៍បានបន្ថែមថា វិធានការឆ្លើយតបបន្ទាន់ ដូចជាការចាក់ដីត្រូវបានអនុវត្តនៅក្នុងអភិបាលខេត្តទាំងពីរ ដោយសារទំនប់ទឹកទន្លេជាច្រើនបានដួលរលំ៕