(មូស្គូ)៖ នៅថ្ងៃចន្ទនេះ ប្រទេសរុស្ស៉ីបានប្រកាសថា ខ្លួនបានចាប់ផ្តើមប្រារព្ធការធ្វើសមយុទ្ធយោធាជើងទឹក នៅឯតំបន់សមុទ្របាល់ទិច ពោលគឺត្រឹម១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបណ្តាប្រទេសជាសមាជិកអង្គការណាតូ (NATO) បានចាប់ផ្តើមសមយុទ្ធយោធាបាល់ទិចប្រចាំឆ្នាំរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សម្រាប់ខាង NATO សមាជិកយោធាសរុបខ្ទង់៦,០០០នាក់ រួមជាមួយនាវា៥០គ្រឿង និងយន្តហោះច្រើនជាង៤៥គ្រឿង គឺកំពុងចូលរួមសមយុទ្ធ Baltic Operations 2023 (BALTOPS 23) ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី៤ ខែមិថុនា នៅឯប្រទេសអេស្តូនី។ វាក៏ជាលើកដំបូងផងដែរ ដែលហ្វាំងឡង់បានចូលរួម ក្នុងនាមជាសមាជិករបស់ NATO។

រីឯនៅខាងរុស្ស៉ីឯណោះវិញ យោធារុស្ស៉ីបានអះអាងថា នាវាធំនិងតូចសរុប៤០គ្រឿង យន្តហោះ២៥គ្រឿង និងសមាជិកយោធាប្រហែល ៣​,៥០០នាក់ ត្រូវចូលរួមក្នុងសមយុទ្ធរបស់ខ្លួននៅសមុទ្របាល់ទិច ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៥ ខែមិថុនា។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ ទីក្រុងមូស្គូក៏បានចាប់ផ្តើមការធ្វើសមយុទ្ធយោធា នៅតំបន់ផ្សេងទៀតផងដែរ គឺសមុទ្រជប៉ុន និង​សមុទ្រអូខុត (Okhotsk) ដែលនៅតំបន់ចុងបូព៌ារបស់ខ្លួន ហើយមានការចូលរួមពីនាវាចម្បាំង និងនាវាគាំទ្រជាង៦០គ្រឿង មកពីអង្គភាពទ័ពជើងទឹក​របស់រុស្ស៉ីប្រចាំតំបន់ប៉ាស៉ីហ្វិក៕