Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌានិងសហរដ្ឋអាមេរិក ព្រមព្រៀងគ្នាលើផែនការសម្រាប់កិច្ចសហប្រតិបត្តិការ ជុំវិញឧស្សាហកម្មការពារជាតិ (Video inside)

05-06-2023 17:25

(ញូដេលី)៖ រដ្ឋាភិបាលទីក្រុងញូដេលីនៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ឥណ្ឌានិងសហរដ្ឋអាមេរិកទើបតែសម្រេចបានការបង្កើតផែនការមួយ ស្តីពីកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិរវាងប្រទេសទាំងពីរ សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈវាជាទង្វើមួយដែលរំពឹងថា នឹងជួយដល់មហិច្ឆតាឧស្សាហកម្មការពារជាតិរបស់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

ផែនការខាងលើត្រូវបានព្រមព្រៀងគ្នាជាស្ថាពរ កំលុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក រ៉ាចណាត ស៉ីញ (Rajnath Singh) ហើយនិងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) ដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងទីក្រុងញូដេលី។ ការព្រមព្រៀងគ្នានេះទៀតសោតកើតមានឡើង ត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ត្រូវធ្វើដំណើរចេញទៅកាន់ទីក្រុងវ៉ាស៉ីនតោន នាថ្ងៃទី២២ ខែមិថុនា ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយ ដើម្បីបើកកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

គួរបញ្ជាក់ថា ឥណ្ឌាដែលជាប្រទេសនាំចូលសព្វាវុធធំបំផុតរបស់ពិភពលោក ពឹងផ្អែកទៅលើរុស្ស៉ីសម្រាប់អាវុធនិងបរិក្ខារយោធាស្ទើរតែ​ពាក់កណ្តាលរបស់ខ្លួន ប៉ុន្តែទន្ទឹមគ្នាឥណ្ឌាក៏បាននិងកំពុងខំប្រឹងធ្វើពិពិធកម្មប្រភពសព្វាវុធ និងសម្ភារយោធារបស់ខ្លួនផងដែរ តាមរយៈការងាកទិញពីសហរដ្ឋអាមេរិក បារាំង អ៉ីស្រាអែល ក្នុងចំណោមប្រទេសមួយចំនួនផ្សេងទៀត។ លើសពីនេះទីក្រុងញូដេលី ក៏ចង់ឱ្យក្រុមហ៊ុនការពារជាតិល្បីៗនៅលើពិភពលោក ចាប់ដៃគូជាមួយក្រុមហ៊ុនឥណ្ឌា ហើយផលិតអាវុធនិង​បរិក្ខារយោធានៅ​ឥណ្ឌា សម្រាប់លក់ក្នុងស្រុកផ្ទាល់ ក៏ដូចជាសម្រាប់នាំចេញថែមទៀតផង៕