(ព្រុចសែល)៖ នាយករដ្ឋមន្ត្រីបែលហ្ស៉ិក លោក អាឡិចសាន់ដឺ ដេគ្រូ (Alexander De Croo) បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងព្រុចសែលនឹងស្នើសុំការបំភ្លឺពីអ៊ុយក្រែន លើរបាយការណ៍ដែលថាកាំភ្លើងដែលផលិតនៅបែលហ្ស៉ិក ត្រូវបានប្រើប្រាស់ដោយ កងកម្លាំងគាំទ្រអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយទាហានរុស្ស៉ី នៅខាងក្នុងព្រំដែនភាគខាងលិចរបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក ដេគ្រូ បានគូសបញ្ជាក់ថា «ក្រសួងការពារជាតិ និងទីភ្នាក់ងារស៉ើបការណ៍សម្ងាត់របស់យើង បានចាប់ផ្តើមការស៉ើបអង្កេត ស្វែងរកព័ត៌មានដើម្បីបញ្ជាក់នូវអ្វីដែលបានកើតឡើង។ សព្វាវុធរបស់សហភាពអឺរ៉ុប ត្រូវបានបញ្ជូនទៅអ៊ុយក្រែន ក្រោមលក្ខខណ្ឌដែលគេប្រើលើទឹកដីអ៊ុយក្រែន ក្នុងគោលបំណងការពារទឹកដី ប៉ុន្តែយើងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចំពោះករណីដែលយើងបានឃើញនេះ»។ ដោយបដិសេធមិនធ្វើអត្ថាធិប្បាយលើផលវិបាក ដែលអាចកើតមានប្រសិនបើរបាយការណ៍ត្រូវបានបញ្ជាក់ លោក ដេគ្រូ បានបន្ថែមថា «យើងបានរៀបចំស៉ើបអង្កេតដោយខ្លួនឯង ហើយកំពុងវិភាគលើស្ថានការណ៍ និងពិនិត្យបញ្ហានេះឲ្យបានហ្មត់ចត់»

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កាសែត Washington Post បានរាយការណ៍ថា ក្រុមយុទ្ធជនប្រឆាំងវិមានក្រឹមឡាំង ដែលបានបើកការវាយប្រហារឆ្លងព្រំដែនពីអ៊ុយក្រែន ចូលទៅក្នុងតំបន់បែលហ្គូរូដ (Belgorod) របស់រុស្ស៉ីកាលពីខែឧសភា បានយានប្រយុទ្ធដែលត្រូវបានផ្តល់ឲ្យអ៊ុយក្រែន ដោយសហរដ្ឋអាមេរិក ប៉ូឡូញ ហើយកាន់កាំភ្លើងដែលផលិតនៅបែលហ្ស៉ិក និងសាធារណរដ្ឋឆែក៕