(ហ្សាការតា)៖ សហរដ្ឋអាមេរិកនិងចិន បានបញ្ជូននាវាចម្បាំងឱ្យចូលរួមដូចគ្នា ក្នុងការធ្វើសមយុទ្ធដែនសមុទ្រពហុប្រទេស ដែលបានចាប់ផ្តើមប្រព្រឹត្តទៅនៅឥណ្ឌូណេស៉ី នាថ្ងៃចន្ទនេះ បើទោះបីជាប្រទេសមហាអំណាចទាំងពីរ កំពុងមានភាពតានតឹងនឹងគ្នាខ្លាំងក៏ដោយក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។
ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង បានបញ្ជូននាវាចម្បាំងរៀងៗខ្លួន ឱ្យចូលរួមសមយុទ្ធ MNEK 2023 ឬ Komodo 2023 ដែលកំពុងប្រព្រឹត្តទៅនៅដែនសមុទ្រ ក្បែរកោះស៊ូឡាវេស៉ី (Sulawesi) របស់ប្រទេសឥណ្ឌូណេស៉ី ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សាការតា បានឱ្យដឹងថា កងទ័ពជើងទឹកអាមេរិកបានបញ្ជូននាវាចម្បាំង ១គ្រឿងឱ្យមកចូលរួម ខណៈកាលពីសប្តាហ៍មុន ក្រសួងការពារជាតិចិនបានប្រកាសថា ខ្លួននឹងបញ្ជូននាវាចម្បាំង២គ្រឿងឱ្យចូលរួម តបតាមការអញ្ជើញពីសំណាក់កងទ័ពជើងទឹកឥណ្ឌូណេស៉ី។
ប្រទេសដទៃទៀត រួមមានអូស្រ្តាលីនិងរុស្ស៉ី ក៏ត្រូវគេរំពឹងថា បានបញ្ជូននាវាចម្បាំងឱ្យចូលរួមសមយុទ្ធខាងលើផងដែរ ពោលគឺនឹងមានវត្តមាននាវាយោធាបរទេសសរុប ១៧គ្រឿង។ អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូណេស៉ី បាននិយាយថា សមយុទ្ធ Komodo គឺជាការហ្វឹកហាត់ដែលផ្តោតលើ កិច្ចសហប្រតិបត្តិការតាមដែនសមុទ្រនៅក្នុងតំបន់ មិនមែនផ្តោតលើប្រតិបត្តិការយោធានោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងចិន កំពុងស្ថិតក្នុងការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ជុំវិញវិស័យយោធា បច្ចេកវិទ្យា និងសេដ្ឋកិច្ច ខណៈយោធាអាមេរិក បានខិតខំបង្កើនប្រតិបត្តិការយោធា ក៏ដូចជាការយកចិត្តទុកដាក់របស់ខ្លួន នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក ជាទីដែលចិនកំពុងតែកើនឡើងឥទ្ធិពលយ៉ាងឆាប់រហ័ស៕