(វ៉ាទីកង់)៖ បុរីវ៉ាទីកង់បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា មន្រ្តីសង្ឃកាតូលិកជាន់ខ្ពស់ ម៉ាតេអូ ហ៊្សូបពី (Matteo Zuppi) ដែលត្រូវបានសម្តេចប៉ាប ហ្រ្វង់ស៉ីស (Francis) ប្រគល់ភារកិច្ចឱ្យដឹកនាំបេសកកម្មសន្តិភាព ដើម្បីព្យាយាមជួយស្វែងរកទីបញ្ចប់ សម្រាប់សង្រ្គាមនៅអ៊ុយក្រែននោះ នឹងបំពេញទស្សនកិច្ចនៅទីក្រុងកៀវ នាថ្ងៃចន្ទនិងអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងយ៉ាងដូច្នេះថា «នេះជាកិច្ចផ្តួចផ្តើមមួយ ដែលមានគោលដៅចម្បងគឺស្វែងយល់ឱ្យស៉ីជម្រៅ ជុំវិញគោលជំហររបស់អាជ្ញាធរអ៊ុយក្រែន ស្តីពីមធ្យោបាយដែលមានលទ្ធភាពអាចឈានទៅសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌មួយ ព្រមទាំងដើម្បីជាកាយវិការគាំទ្រចំពោះមនុស្សជាតិ ដែលប្រហែលអាចជួយ បន្ធូរបន្ថយភាពតានតឹង»។ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក សម្តេចប៉ាប ហ្រ្វង់ស៉ីស និងបុរីវ៉ាទីកង់ បានព្យាយាមចង់ដើរតួនាទីជា អ្នកដែលអាចជួយសម្រុះសម្រួលឱ្យមានសន្តិភាព ប៉ុន្តែមកទល់ពេលនេះ កិច្ចប្រឹងប្រែងគឺមិនទទួលបានជោគជ័យនោះទេ។
គួរបញ្ជាក់ថា មន្រ្តីសង្ឃជាន់ខ្ពស់ ហ៊្សូបពី មានប្រភពចេញមកពីសមាគមកាតូលិកមួយ ហៅថា Sant' Egidio Community មានមូលដ្ឋាននៅទីក្រុងរ៉ូម ហើយធ្វើការដើម្បីសន្តិភាពនិងយុត្តិធម៌ ដែលកាលពីឆ្នាំ១៩៩២ ធ្លាប់ជួយសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលបិទបញ្ចប់សង្រ្គាមស៉ីវិល នៅឯប្រទេសម៉ូសំប៊ិកនៃតំបន់អាហ្រ្វិកខាងកើត ដែលបានសម្លាប់មនុស្សប្រហែល១លាននាក់ និងធ្វើឱ្យ៤លាននាក់ផ្សេងទៀត ព្រាត់ប្រាសពីផ្ទះសម្បែង៕