(វ៉ាស៊ីនតោន)៖​ សហរដ្ឋអាមេរិក បានចល័តយន្ដហោះចម្បាំង F-16 មួយគ្រឿង​ឱ្យតាមប្រដេញយន្ដហោះខ្នាតតូចមួយគ្រឿង ដែលបានបំពានចូលដែនអាកាស ក្នុងតំបន់ហាមឃាត់នៃរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ហើយក្រោយមកយន្ដហោះខ្នាតតូចនេះបានធ្លាក់នៅឯតំបន់ភ្នំនៃរដ្ឋ Virginia។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Washington Post នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

Washington Post ដោយផ្អែកលើមន្ត្រីអាមេរិក បាន​ឱ្យដឹងទៀតថាយន្ដហោះចម្បាំង F-16 បានបញ្ចេញសំឡេង sonic នៅពីលើរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ព្រមជាមួយការបញ្ចេញផ្កាភ្លើង ដើម្បីជាសារព្រមានឱ្យយន្ដហោះខ្នាតតូចប្រភេទ Cessna Citation ហោះចេញពីតំបន់ហាមឃាត់ទៀតផង។ ប៉ុន្តែ ពីឡុតបើក យន្ដហោះខ្នាតតូចនេះមិនបានឆ្លើយតបទៅនឹងការទាក់ទងនោះទេ ខណៈមានសេចក្ដីរាយការណ៍ថាយន្ដហោះនេះទំនងជាត្រូវបានបញ្ជាដោយប្រព័ន្ធ ស្វ័យប្រវត្តិ។

យន្ដហោះខ្នាតតូចខាងលើដែលមានផ្ទុកមនុស្ស ៤នាក់ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Encore Motors of Melbourne មានមូលដ្ឋានក្នុងរដ្ឋផ្ល័រីដា។ ម្ចាស់ក្រុមហ៊ុន Encore លោក John Rumpel បានប្រាប់ Washington Post ថាកូនស្រី និងចៅរបស់លោក រួមទាំងម៉ែដោះម្នាក់បានស្ថិតនៅលើយន្ដហោះ ខ្នាតតូចនេះ។ «យើងមិនបានដឹងអ្វីទាំងអស់ពីការធ្លាក់យន្ដហោះ។ បច្ចុប្បន្ន យើងកំពុងទាក់ទងជាមួយអាជ្ញាធរអាកាសចរណ៍»។ នេះជាការបញ្ជាក់របស់លោក John Rumpel។

គួរបញ្ជាក់ថា ខាងអាជ្ញាធរអាមេរិក បានអះអាងថាយន្ដហោះចម្បាំង F-16 មិនបានបង្កឱ្យយន្ដហោះខ្នាតតូចនោះធ្លាក់នោះទេ។ ការស្វែងរករកទីតាំង យន្ដហោះធ្លាក់កំពុងធ្វើឡើង ហើយក៏មិនទាន់មានព័ត៌មានបញ្ជាក់ពីអ្នកជិះនៅលើយន្ដហោះដែលធ្លាក់នេះនោះដែរ៕