(អ៊ីស្តង់ប៊ុល)៖ ប្រមុខដឹកនាំអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យទីក្រុងអង់ការ៉ា ទម្លាក់ការប្រឆាំងរបស់ខ្លួនចំពោះការស្នើសុំរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពយោធាណាតូ ដោយនិយាយថាទីក្រុងស្តុកខមបានដោះស្រាយកង្វល់សន្តិសុខរបស់ប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣។

លោក Stoltenberg បានប្រាប់សារព័ត៌មាន បន្ទាប់ពីជួបជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា «ស៊ុយអែតបានចាត់វិធានការជាក់ស្តែងសំខាន់ៗ ដើម្បីឆ្លើយតបនឹងកង្វល់របស់ទីក្រុងតួនគី។ ស៊ុយអែតបានបំពេញកាតព្វកិច្ចរបស់ខ្លួន»

គួរបញ្ជាក់ថា ប្រមុខអង្គការណាតូ លោក Stoltenberg កាលពីថ្ងៃសៅរ៍បានចូលរួមក្នុងពិធីអបអរសាទរ លោក Erdogan ដែលត្រូវបានបោះឆ្នោតក្លាយជាប្រធានាធិបតីតួកគីឡើងវិញ សម្រាប់អាណត្តិថ្មីរយៈពេលប្រាំឆ្នាំទៀត ដែលមានការចូលរួមដោយមេដឹកនាំពិភពលោករាប់សិបនាក់នៅក្នុងរដ្ឋធានី Ankara ។

តួកគីដែលជាសមាជិកអង្គការណាតូ បានជំទាស់ជុំវិញការទទួលស្គាល់ស៊ុយអែតទៅក្នុងសម្ព័ន្ធមិត្តយោធា។ ប្រទេសនេះ និងហុងគ្រី គឺជាប្រទេសសមាជិកតែពីរប៉ុណ្ណោះ ដែលមិនទាន់ផ្តល់សច្ចាប័នលើការស្នើសុំចូលជាសមាជិករបស់ស៊ុយអែត ខណៈហ្វាំងឡង់​បាន​ចូល​រួម​ជា​ផ្លូវ​ការ​ក្នុង​សម្ព័ន្ធ​យោធា​នេះកាលពីខែ​មេសា។

លោក Erdogan បានចោទប្រកាន់ប្រទេសស៊ុយអែតថា ជាជម្រកសម្រាប់ «ភេរវករ» ជាពិសេសសមាជិកនៃគណបក្សពលករឃឺដ (PKK) និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ដែលជាក្រុមដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់តួកគី៕