(ប៉េកាំង)៖ រដ្ឋមន្ត្រីការពារជាតិចិនកាលពីថ្ងៃអាទិត្យបានព្រមានប្រឆាំង នឹងការបង្កើតសម្ព័ន្ធភាពយោធាដូចអង្គការណាតូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយនិយាយថា ពួកគេនឹងធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងជម្លោះដ៏ធ្ងន់ធ្ងរមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

ការកត់សម្គាល់របស់លោក Li Shangfu បែបនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីកប៉ាល់យោធាអាមេរិក និងចិនបានធ្វើដំណើរកៀគគ្នានៅច្រកសមុទ្រតៃវ៉ាន់ ដែលជាឧប្បត្តិហេតុមួយដែលធ្វើឱ្យភាគីទាំងសងខាងខឹងសម្បារ។

លោក Li បានប្រាប់សន្និសីទសន្តិសុខក្នុងប្រទេសសិង្ហបុរី ដែលត្រូវបានចូលរួមផងដែរ ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកថា «ការប៉ុនប៉ងដើម្បីជំរុញឱ្យមានសម្ព័ន្ធភាពយោធាដូចអង្គការណាតូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាមធ្យោបាយមួយដើម្បីប្លន់ប្រទេសក្នុងតំបន់ និងបំប៉ោងជម្លោះ និងការប្រឈមមុខគ្នា»

លោក Li បាននិយាយថា សម្ព័ន្ធភាពទាំងនេះនឹង «ធ្វើឱ្យអាស៊ីប៉ាស៊ីហ្វិកធ្លាក់ចូលទៅក្នុងរង្វង់នៃជម្លោះដ៏ធ្ងន់ធ្ងរ»។

ទោះយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះប្រទេសណាមួយទេ ប៉ុន្តែការអត្ថាធិប្បាយរបស់លោក បានបន្ទរការរិះគន់ចិនជាយូរមកលើសហរដ្ឋអាមេរិក ដែលព្យាយាមពង្រឹងសម្ព័ន្ធភាពនៅក្នុងតំបន់។ សហរដ្ឋអាមេរិកគឺជាសមាជិកនៃសម្ព័ន្ធភាព AUKUS ដែលរួមសហការជាមួយប្រទេសអូស្ត្រាលី និងអង់គ្លេស ខណៈទីក្រុងវ៉ាស៊ីនតោនក៏ជាសមាជិកនៃក្រុម QUAD ដែលរួមមានអូស្ត្រាលី ឥណ្ឌា និងជប៉ុនផងដែរ។

លោក Li បានប្រាប់កិច្ចប្រជុំកំពូលសន្តិសុខ Shangri-La ថា «តំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ ត្រូវការកិច្ចសហប្រតិបត្តិការបើកចំហ និងទូលំទូលាយ មិនមែនមិត្តភាពជាក្រុមតូចៗនោះទេ»

រដ្ឋមន្ត្រីការពារជាតិចិនរូបនេះបានសង្កត់​ធ្ងន់ថា «យើងមិនត្រូវបំភ្លេចគ្រោះមហន្តរាយដ៏ជូចត់ ដែលនាំមកដោយសង្រ្គាមលោកទាំងពីរ ចំពោះប្រជាជននៃប្រទេសទាំងអស់នោះទេ ហើយយើងមិនត្រូវអនុញ្ញាតឱ្យប្រវត្តិសាស្ត្រសោកនាដកម្មបែបនេះកើតឡើងម្តងទៀតឡើយ»