ស្លាប់១៤នាក់ និង៥នាក់បានបាត់ខ្លួន ក្នុងគ្រោះបាក់ដីមួយបានកើតឡើងនៅភាគខាងលិចប្រទេសចិន
04-06-2023 18:45
(ប៉េកាំង)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មនុស្ស ១៤នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង៥នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះបាក់ដីកាលពីព្រឹកថ្ងៃអាទិត្យនេះ នៅទីក្រុង Leshan ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ទី០៤ ខែមិថុនា ឆ្នាំ២០២៣។
អាជ្ញាធរបានគូសបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹក នៅកសិដ្ឋានព្រៃមួយក្នុងទីប្រជុំជន Yongsheng សង្កាត់ Jinkouhe នៃទីក្រុង Leshan។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ដោយមានបុគ្គលិកសង្គ្រោះជាង ១៨០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងនោះ ដើម្បីបន្តស្វែងរកអ្នកដែលបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ទីក្រុង Leshan អស់រយៈពេលពីរថ្ងៃ មុនពេល សោកនាដកម្មនេះបានកើតឡើង។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈឆ្នាំនេះ នៅក្នុងព្រឹត្តិការណ៍សោកនាដកម្មមួយ នៅអណ្តូងរ៉ែធ្យូងថ្មភាគខាងជើងប្រទេសចិន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤នាក់ស្លាប់ និង ៤៩នាក់បាត់ខ្លួន៕