(សិង្ហបុរី)៖ មន្រ្តីការទូតជើងចាស់ចិនមួយរូបដែលចូលនិវត្ត បានលើកឡើងនៅឯប្រទេសសិង្ហបុរីនាថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ ឬបន្ថយសកម្មភាពដាក់ពង្រាយយោធា មកតំបន់ក្បែរប្រទេសចិន ដើម្បីបង្ហាញពីភាពសុទ្ធចិត្ត ប្រសិនបើចង់ឱ្យកិច្ចពិភាក្សាការពារជាតិកម្រិតខ្ពស់ រវាងប្រទេសមហាអំណាចទាំងពីរ អាចបន្តប្រព្រឹត្តទៅឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្រៅវេទិកាសន្តិសុខតំបន់អាស៉ី Shangri-La Dialogue អតីតឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិក លោក ឈុយ ធានកៃ (Cui Tiankai) បាននិយាយដូច្នេះថា «ហេតុអ្វីបានជាពួកគេខំប្រឹង ធ្វើដំណើរយ៉ាងឆ្ងាយឆ្លងកាត់មហាសមុទ្រ មកក្បែរមាត់ទ្វារផ្ទះយើងម៉្លេះ? ពួកគេកំពុងចូលមកកៀកទឹកដីរបស់យើងកាន់តែឡើង ជាងពេលណាៗទាំងអស់។ ប្រសិនបើមនុស្សយើងពិតជាមានសុឆន្ទៈ ហើយចង់បង្ហាញភាពសុទ្ធចិត្ត នោះពួកគេតែងតែស្វែងរកមធ្យោបាយមានប្រសិទ្ធភាពជាងនេះ ដើម្បីទាក់ទងគ្នា»។
លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងដូចខាងលើ ពាក់ព័ន្ធទៅនឹងសកម្មភាពចល័តនាវាក៏ដូចជាយន្តហោះយោធា យ៉ាងញឹកញាប់របស់អាមេរិក មកក្បែរប្រទេសចិន។ លោកបានបន្តថា ការដាក់ពង្រាយយោធារបស់អាមេរិកមកក្បែរៗចិន គឺជាសកម្មភាពគ្មានការគោរពចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃឡើយ។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) បានបដិសេធសំណើរបស់ទីក្រុងវ៉ាស៉ីនតោន ដែលចង់ឱ្យមានការបើកកិច្ចប្រជុំទ្វេភាគី ជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Austin) កំលុងព្រឹត្តិការណ៍វេទិកាសន្តិសុខតំបន់អាស៉ី Shangri-La Dialogue នៅប្រទេសសិង្ហបុរី។ រដ្ឋមន្រ្តីទាំងពីរបានត្រឹមចាប់ដៃជួបមុខគ្នាមួយភ្លែត កាលពីថ្ងៃសុក្រប៉ុណ្ណោះ ដោយមិនបានពិភាក្សាស៉ីជម្រៅអ្វីឡើយ។ ទីក្រុងប៉េកាំង ក៏ទើបតែបានចេញមុខរិះគន់ផងដែរលើ សហរដ្ឋអាមេរិកនិងកាណាដា សម្រាប់ការបញ្ជូននាវាយោធាឱ្យធ្វើដំណើររួមគ្នា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាដែនទឹកនៅចន្លោះប្រទេសចិននិងកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ៕