(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននាថ្ងៃអាទិត្យនេះ បានរាយការណ៍ថា ក្រុមអវកាសយានិកចិន៣រូប ដែលបានចំណាយពេលស្នាក់នៅនិងធ្វើការ នៅឯស្ថានីយអវកាសរបស់ប្រទេសចិន ជាច្រើនខែមកនេះ ទើបតែបានត្រឡប់ចុះមកដល់លើផ្ទៃផែនដីវិញដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

យានសម្រាប់ត្រឡប់មកវិញនៃបេសកកម្ម សិនចូវ-១៥ (Shenzhou-15) របស់ពួកគេ បានធ្វើដំណើរចុះមកដល់ទីតាំងដែលត្រូវបានកំណត់ទុក នៅតំបន់ម៉ុងហ្គោលីខាងក្នុងភាគខាងជើងប្រទេសចិន ហើយអវកាសយានិកទាំង៣រូប បានងើបចេញពីក្នុងយាន ដោយស្ថិតក្នុងស្ថានភាពល្អរឹងមាំ។ អ្នកទាំង៣ បានចំណាយពេល៦ខែ នៅស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ឈ្មោះថា ធានហ្កុង (Tiangong) គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ ចិនបានបញ្ជូនអវកាសយានិក៣នាក់ ក្នុងនោះរួមមានទាំងជនស៉ីវិលម្នាក់លើកដំបូងផងដែរ ឡើងទៅកាន់ស្ថានីយ Tiangong ក្នុងបេសកកម្ម Shenzhou-16 ដើម្បីផ្លាស់វេនស្នាក់នៅ បន្តពីក្រុមអវកាសយានិកនៃបេសកកម្ម Shenzhou-15។ ចិនបានចាប់ផ្តើម​ការសាងសង់ស្ថានីយអវកាសរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២១ ហើយសម្រេចវាបានជាស្ថាពរ កាលពីចុងឆ្នាំមុន។ មកទល់ឥឡូវ ចិនបានចេញ​បេសកកម្មបញ្ជូនមនុស្សសរុប៥ជើងហើយ ទៅកាន់ស្ថានីយ Tiangong ខណៈនៅចុងឆ្នាំនេះ គ្រោងនឹងចេញបេសកកម្មមួយជើងទៀតគឺ Shenzhou-16៕