(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា មេបញ្ជាការទ័ពជើងទឹកអ៉ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោកនិងអារ៉ាប៊ីសាអូឌីត ព្រមទាំងប្រទេសចំនួន៣ទៀត ដែលនៅជាប់ឈូងសមុទ្រពែរ្ស (Persian Gulf) កំពុងមានផែនការបង្កើតសម្ព័ន្ធភាពកងកម្លាំងជើងទឹកមួយ ដែលនឹងរួមមានទាំងឥណ្ឌាក៏ដូចជាប៉ាគីស្ថានផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។
មេបញ្ជាការយោធាជើងទឹកអ៉ីរ៉ង់ លោក សារ៉ាម អ៉ីរ៉ានី (Shahram Irani) បាននិយាយយ៉ាងដូច្នេះថា «បណ្តាប្រទេសនៅក្នុងតំបន់នាពេលនេះ បានដឹងហើយច្បាស់ថា មានតែកិច្ចសហប្រតិបត្តិការរវាងគ្នាទេ ទើបអាចនាំមកនូវសន្តិសុខក្នុងតំបន់»។ លោក អ៉ីរ៉ានី មិនបានរៀបរាប់លម្អិតខ្លាំងឡើយអំពីសម្ព័ន្ធភាពនេះ ប៉ុន្តែលោកអះអាងថា វានឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗ ហើយប្រទេសដែលចូលរួមក្រៅពីអ៉ីរ៉ងនិងអារ៉ាប៊ីសាអូឌីត មានដូចជា អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន កាតា អ៉ីរ៉ាក់ ប៉ាគីស្ថាន និងឥណ្ឌា។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ទីក្រុងតេហេរ៉ង់ បានព្យាយាមផ្សះផ្សទំនាក់ទំនងល្អក់កកររបស់ខ្លួន ជាមួយបណ្តារដ្ឋអារ៉ាប់មួយចំនួន នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ កាលពីខែមីនា ឆ្នាំនេះ អារ៉ាប៊ីសាអូឌីតនិងអ៉ីរ៉ង់ ទើបតែបានបញ្ចប់អរិភាពរយៈពេល៧ឆ្នាំរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងដែលជួយសម្រុះសម្រួលដោយប្រទេសចិន ក្រោមហេតុផល ភាពចាំបាច់សម្រាប់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់៕