(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) បាននិយាយនៅថ្ងៃអាទិត្យនេះថា ផ្នត់គំនិតបែបសម័យសង្រ្គាមត្រជាក់ បាននិងកំពុងតែលេចឡើងជាថ្មីនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក ប៉ុន្តែប្រទេសរបស់លោក ព្យាយាមចង់បានកិច្ចសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងវេទិកាសន្តិសុខ Shangri-La Dialogue នៅឯប្រទេសសិង្ហបុរី លោក លី បានចោទប្រកាន់ថា ប្រទេសមួយចំនួនបាននិងកំពុងជំរុញ ឱ្យមានការរត់ប្រណាំងសព្វាវុធ ហើយចូលចិត្តលូកលាន់កិច្ចការផ្ទៃក្នុងរបស់អ្នកដទៃដោយចេតនា។ លោកប្រមុខការពារជាតិចិន បានសង្កត់ធ្ងន់ដូច្នេះថា «ឥឡូវនេះផ្នត់គំនិតបែបសម័យសង្រ្គាមត្រជាក់កំពុងផុសឡើងជាថ្មី ដែលបង្កើនហានិភ័យផ្នែកសន្តិសុខជាខ្លាំង។ ការគោរពគ្នាទៅវិញទៅមកគួរតែ យកឈ្នះការសម្លុតគំរាមនិងការធ្វើអនុត្តរភាព»

ដោយឡែកកាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានរិះគន់ចិន កំលុងការថ្លែងសុន្ទរកថាក្នុងវេទិកា ដូចគ្នា ពាក់ព័ន្ធនឹងរឿងបដិសេធបើកពិភាក្សារវាងប្រមុខការពារជាតិ ដែលជាហេតុនាំឱ្យប្រទេសមហាអំណាចទាំងពីរ នៅបន្តជាប់គាំងជុំវិញបញ្ហាធំៗ ដូចជាកោះតៃវ៉ាន់និងវិវាទនៅសមុទ្រចិនខាងត្បូងជាដើម។

គួរបញ្ជាក់ថា លោក លី សាងហ្វូ ក៏ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មផងដែរ កាលពីឆ្នាំ២០១៨ ជុំវិញការទិញសព្វាវុធពីប្រទេសរុស្ស៉ី។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក លី បានចាប់ដៃនិងជួបមុខមួយភ្លែតជាមួយលោក អូស្ទីន ប៉ុន្តែអ្នកទាំងពីរមិនបានពិភាក្សាគ្នាស៉ីជម្រៅអ្វីឡើយ។ មន្រ្តីយោធាចិន ២នាក់នៅវេទិកា Shangri-La Dialogue បានបង្ហើបឱ្យដឹងថា ទីក្រុងប៉េកាំងចង់បានសញ្ញាច្បាស់លាស់ ស្តីពីយុទ្ធសាស្រ្តបែបមិនសូវប្រឈមមុខដាក់គ្នា នៅតំបន់អាស៉ី ពីសំណាក់ទីក្រុងវ៉ាស៉ីនតោន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មប្រឆាំងលើលោក លី មុនពេលកិច្ចសន្ទនារវាងយោធានិងយោធា អាចបន្តឡើងវិញទៅបាន៕