(អង់ការ៉ា)៖ លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីតួកគីសម្រាប់អាណត្តុថ្មី នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីឈ្នះការបោះឆ្នោតឡើងវិញកាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

អាណត្តិថ្មីរយៈពេល ៥ឆ្នាំនឹងអនុញ្ញាតឲ្យ លោក អឺដូហ្កាន់ បន្តគោលនយោបាយផ្តាច់ការកាន់តែខ្លាំងឡើង ដែលបានធ្វើឲ្យតួកគីក្លាយជាសមាជិកណាតូ ប៉ុន្តែក្រោមការពង្រឹងជំហររបស់ខ្លួនជាមហាអំណាចយោធាក្នុងតំបន់។

ក្នុងពិធីដែលរៀបចំឡើងនៅឯសភាជាតិតួកគី លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា «ខ្ញុំ ក្នុងនាមជាប្រធានាធិបតី សូមស្បថដោយយកកិត្តិយស និងសុច្ចរិតភាពរបស់ខ្ញុំនៅចំពោះមុខប្រជាជាតិតួកគី ថានឹងការពារអត្ថិភាព និងឯករាជ្យភាពរបស់រដ្ឋ»។

គួរបញ្ជាក់ថា បន្ទាប់ពីមានការស្បថនៅក្នុងសភាហើយនោះ ពិធីមួយទៀតនឹងត្រូវធ្វើឡើងនៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន ៧៨ និងអង្គការអន្តរជាតិ រួមទាំងអគ្គលេខាធិការអង្គការណាតូ និងប្រធានាធិបតីវេណេស៊ុយអេឡា នាយករដ្ឋមន្ត្រីហុងគ្រី និងនាយករដ្ឋមន្ត្រីអាមេនី ផងដែរ៕