(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន នៅថ្ងៃសៅរ៍នេះបាននិយាយថាលោកផ្ទាល់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលចិនមិនមានឆន្ទៈ ចូលរួមក្នុងកិច្ចការគ្រប់គ្រងវិបត្តិយោធា ដោយរំឮកទីក្រុងប៉េកាំងថាការជជែកគ្នាគឺជាមធ្យោបាយគន្លឹះ ដើម្បីបញ្ចៀសកុំឱ្យជម្លោះផ្ទុះឡើង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

ការកត់សម្គាល់បែបនេះរបស់លោក អូស្ទីន ធ្វើឡើងនាឱកាសដែលលោកចូលរួមក្នុងវេទិកាសន្តិសុខ Shangri-La Dialogue ដែលកំពុងប្រព្រឹត្តទៅក្នុងប្រទេស សិង្ហបុរី និងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ធ្លាក់ដល់ចំណុចដ៏ទាបបំផុត នារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ខណៈមហាអំណាច ទាំង២ មានការខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាជាច្រើន រាប់ចាប់ពីតៃវ៉ាន់ បច្ចេកវិទ្យា ពាណិជ្ជកម្ម រហូតដល់បញ្ហាសមុទ្រចិនខាងត្បូង។

ថ្លែងទៅកាន់វេទិកា Shangri-La Dialogue លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានសង្កត់ធ្ងន់ដែរថាការបើកចំហបណ្ដាញទំនាក់ទំនងរវាងរដ្ឋមន្ត្រីការពារជាតិ និងថ្នាក់ដឹកនាំយោធានៃប្រទេសទាំង២ ពិតជាមានសារៈសំខាន់បំផុត ដើម្បីបញ្ចៀសជម្លោះ និងពង្រឹងស្ថិរភាពនៅក្នុងតំបន់។ «ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាង ខ្លាំងដែលសាធារណរដ្ឋប្រជាមានិតចិន មិនមានឆន្ទៈចូលរួមយ៉ាងពិតប្រាកដ លើយន្ដការដ៏ល្អប្រសើរ ក្នុងការគ្រប់គ្រងវិបត្តិយោធានៃប្រទេសទាំង២...នៅពេល ដែលយើងអាចជជែកគ្នាបានកាន់តែច្រើន នោះយើងអាចនឹងបញ្ចៀសការយល់ច្រឡំ និងការគណនាខុសណាមួយដែលអាចបង្កទៅជាវិបត្តិ ឬជម្លោះ»។ នេះជាការ គូសបញ្ជាក់របស់លោក អូស្ទីន។

គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ បានបដិសេធចូលរួមកិច្ចប្រជុំផ្លូវការជាមួយលោក អូស្ទីន នាឱកាសដែល ប្រមុខការពារជាតិទាំង២ ចូលរួមក្នុងវេទិកាសន្តិសុខ Shangri-La Dialogue។ ដោយឡែក កាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក អូស្ទីន និងលោក លី ក៏បានជួប និងចាប់ដៃគ្នាបានបន្តិចផងដែរ តែមិនមានការបញ្ជាក់ថាតើអ្នកទាំង២ បាននិយាយអ្វីខ្លះនោះទេ៕