(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ សភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីពិដានបំណុល ដែលបានផ្អាកដំណើរការពិដានបំណុលមានសុពលភាពរហូតដល់ដើមឆ្នាំ២០២៥ ព្រមទាំងបានដាក់កំហិតទៅលើការចំណាយ ក្នុងឆ្នាំសារពើពន្ធ២០២៤និងឆ្នាំសារពើពន្ធ២០២៥ទៀតផង ។ ប្រការនេះហាក់ដូចជាបានធ្វើឱ្យមនុស្សមិនតិចទេបានធូរចិត្តខ្លះ ។ ប៉ុន្តែជាបន្តទៀត តើបញ្ហានេះត្រូវបានដោះស្រាយយ៉ាងពិតប្រាកដឬទេ ? អាមេរិកនិងពិភពលោកអាចមាន ភាពស្ងប់សុខឡើងវិញឬទេ ?

បច្ចុប្បន្ននេះ បំណុលជាតិរបស់អាមេរិកបានដើរតួនាទីដ៏សំខាន់បំផុតក្នុងទីផ្សារប័ណ្ណបំណុលសកល ។ ល្គឹកណាដែលប្រាក់បំណុលអាមេរិក រំលោភបំពានកិច្ចសន្យា នោះនិយាយចំពោះអាមេរិកនិងពិភពលោកទាំងមូល សុទ្ធតែជាគ្រោះមហន្តរាយ ។ បច្ចុប្បន្ននេះ ផែនការដំណោះស្រាយដែលលើកឡើងដោយអាមេរិក គឺផ្អាកដំណើរការពិដានបំណុលពីរឆ្នាំជាបណ្តោះអាសន្នសិន ។ ពោលគឺ រដ្ឋាភិបាលអាមេរិកអាចបន្តជំពាក់បំណុល ដោយគ្មានការដាក់កំហិតពីពិដានបំណុលជាបណ្តោះអាសន្ន រហូតដល់ដល់ដើមឆ្នាំ២០២៥ ។ ប្រការនេះធ្វើឱ្យអាមេរិក បម្រះខ្លួនចេញផុតពីការដាក់កំហិតនៃពិដានបំណុលជាបណ្តោះអាសន្ន ហើយបានចុចប៊ូតុងផ្អាក “គ្រាប់បែក”ដែលរំលោភបំពានកិច្ចសន្យាបំណុល ។

ប៉ុន្តែ ផែនការដំណោះស្រាយមួយនេះ គ្រាន់តែពន្យារពេលការដោះស្រាយទំនាស់តែប៉ុណ្ណោះទេ តែមិនបានដោះស្រាយបញ្ហាពីឬគល់ទេ ផ្ទុយទៅវិញ បែរជាធ្វើឱ្យអាមេរិកជំពាក់បំណុលកាន់តែច្រើនថែមទៀត ។ អ្នកវិភាគខ្លះបានវែកញែកថា ទំហំបំណុលអាមេរិកនឹងឡើងដល់កម្រិតខ្ពស់ មិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រនៅដើមឆ្នាំ២០២៥ ដល់ពេលនោះសេដ្ឋកិច្ចអាមេរិកប្រហែល នឹងលេចចេញបញ្ហាជាប្រព័ន្ធកាន់តែធ្ងន់ធ្ងរ ។

ក្នុងរយៈពេលយូរមកហើយ រូបមន្តកើនឡើងតាមទំនើងចិត្តរបស់ប្រាក់បំណុលអាមេរិក ធ្វើឱ្យដុល្លារអាមេរិកមានកេរ្តិ៍ឈ្មោះអសោច ហើយបណ្តាលឱ្យបញ្ហាបំណុលអាមេរិកក្លាយទៅជា “គ្រាប់បែក”ដែលនឹងផ្ទុះនៅគ្រប់ពេលវេលា ។ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក រដ្ឋសភាអាមេរិកបានកែសម្រួលចំនួន១០២លើកចំពោះពិដានបំណុលរួចទៅហើយ ។ បច្ចុប្បន្ននេះ ទំហំបំណុលរបស់អាមេរិកមានចំនួនប្រហែល៣១,៤៦ទ្រីលានដុល្លារអាមេរិក អនុបាតក្នុងGDP បានលើសពី១២០ភាគរយ និយាយត្រង់ៗ វាស្មើនឹងជនជាតិអាមេរិកម្នាក់ៗជំពាក់បំណុល៩៤០០០ដុល្លារអាមេរិក ។

ព្រមពេលជាមួយគ្នានេះ ភាពបែកបាក់គ្នាខាងនយោបាយរបស់អាមេរិក ក៏បានធ្វើឱ្យទីផ្សារសកលកើតក្ដីព្រួយបារម្ភកាន់តែធ្ងន់ធ្ងរ ។ តាមពិតទៅ រឿងកំប្លែងខាងបំណុលរបស់អាមេរិកកើតឡើងម្តងហើយម្តងទៀត គឺជាបច្ច័យនៃការបដិបក្ខគ្នារវាង គណបក្សរបស់អាមេរិកហ្នឹងឯង ។ ក្នុងនាមជារូបិយវត្ថុបម្រុង និងរូបិយវត្ថុទូទាត់ធំជាងគេនៅលើពិភពលោក ដុល្លារអាមេរិកត្រូវជាជិត៦០ភាគរយក្នុងប្រព័ន្ធបម្រុងអន្តរជាតិ ហើយក្នុងប្រព័ន្ធទូទាត់អន្តរជាតិ គឺត្រូវជាជិត៤០ភាគរយ ។ ប៉ុន្តែ អាមេរិកបានប្រែក្លាយសិទ្ធិអំណាចផ្តាច់ការបែបនេះ ទៅជាឧបករណ៍សម្រាប់គាំពារផលប្រយោជន៍ផ្ទាល់ខ្លួន ។

ក្នុងប្រវតិ្តសាស្ត្រ អាមេរិកតែងតែប្រើប្រាស់គោលនយោបាយរូបិយវត្ថុ ឆក់យកទ្រព្យសម្បតិ្តសកលតាមរយៈភាពខុសគ្នានៃការប្រាក់ ។ ដុល្លារអាមេរិកដែលដើមឡើងត្រូវដើរតួនាទីជា “ឧបករណ៍លំនឹង”ហិរញ្ញវត្ថុសកល បានក្លាយជាសុបិនអាក្រក់របស់ប្រទេសផ្សេងទៀត ហើយក៏បាននាំមកនូវភាពមិនប្រាកដប្រជាគ្រប់បែបយ៉ាងដល់ពិភពលោកផងដែរ ។ នាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នវាយតម្លៃ ខាងហិរញ្ញវត្ថុអន្តរជាតិ moodys បានចេញផ្សាយរបាយការណ៍ហើយអះអាងថា វិបត្តិបំណុលអាមេរិក និងការដាក់ទណ្ឌកម្ម ដោយខុសច្បាស់ នឹងរំខានដល់ឋានៈរបស់ដុល្លារអាមេរិក ហើយក្នុងរយៈពេលរាប់សិបឆ្នាំខាងមុខ ប្រព័ន្ធរូបិយវត្ថុអន្តរជាតិនឹងកាន់តែមានពិពិធកម្ម ៕

វិទ្យុមិត្តភាពកម្ពុជាចិន