(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវ៉ិកគី (Mateusz Morawiecki) បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីក្រុងវ៉ាសូវី (Warsaw) មិនមានយន្តហោះចម្បាំង F-16 ឬប្រព័ន្ធការពារដែនអាកាស Patriot គ្រប់គ្រាន់ ដើម្បីបញ្ជូនទៅកាន់អ៊ុយក្រែននោះទេ ប៉ុន្តែចំពោះប្រទេសផ្សេងទៀត គួរតែផ្តល់ទៅអ៊ុយក្រែនឲ្យបានឆាប់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប ក្នុងប្រទេសម៉ុលដាវី លោក ម៉ូរ៉ាវ៉ិកគី បានគូសបញ្ជាក់ថា «យើងមានយន្តហោះ F-16 តិចតួចពេក ដូច្នេះមិនរំពឹងទុកថានឹងអាចផ្តល់ឲ្យអ៊ុយក្រែនបានទេ។ ប៉ុន្តែយើងធ្លាប់បានប្រគល់យន្តហោះចម្បាំង MiG របស់យើងរួចហើយ»។

លោក ម៉ូរ៉ាវ៉ិកគី បានបន្ថែមថា «ក្រៅពីយន្តហោះចម្បាំង F-16 យើងក៏មិនអាចប្រគល់ប្រព័ន្ធការពារមីស៉ីល Patriot របស់យើងទៅឲ្យអ៊ុយក្រែនបានដែរ ប៉ុន្តែសម្រាប់ប្រទេសផ្សេងទៀតដែលមាន គួរតែចែករំលែកជាមួយពួកគេ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា កងទ័ពអាកាសប៉ូឡូញមានយន្តហោះចម្បាំង F-16 ចំនួន ៤៨គ្រឿង ដែលក្នុងនោះ ១២គ្រឿងជាប្រភេទហ្វឹកហ្វឺន។ ទីក្រុងវ៉ាសូវី បានបញ្ជាទិញយន្តហោះធុនស្រាល Golden Eagle ចំនួន ៤៨គ្រឿងពីប្រទេសកូរ៉េខាងត្បូង និងយន្តហោះ F-35 ចំនួន ៣២គ្រឿងពីសហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់ត្រូវបានចែកចាយនៅឡើយទេ។

កន្លងមក ប៉ូឡូញបានដើរតាមស្លូវ៉ាគី ក្នុងការបញ្ជូនយន្តហោះចម្បាំង MiG-29 សម័យសូវៀតចំនួន ១៩គ្រឿងរបស់ខ្លួនទៅឲ្យអ៊ុយក្រែន ដើម្បីបំពេញការបាត់បង់របស់ទីក្រុងកៀវ ក្នុងរយៈពេលមួយឆ្នាំកន្លងមក៕