(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនសម្រេចឈប់ផ្តល់ឱ្យទៅរុស្ស៉ីនូវទិន្នន័យមួយចំនួន ដែលមានចែងនៅក្រោមសន្ធិសញ្ញា New START ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅ ដើម្បីជាវិធានការឆ្លើយតប ចំពោះការបន្តបំពានរបស់ទីក្រុងមូស្គូ មកលើសន្ធិសញ្ញា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការបរទេសអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនបានបញ្ឈប់ការផ្តល់ទិន្នន័យស្តីពីស្ថានភាព និងទីតាំងនៃមីស៉ីលនុយក្លេអ៊ែរ ក៏ដូចជាមធ្យោបាយសម្រាប់បាញ់ពួកវា ឱ្យទៅភាគីរុស្ស៉ីហើយ។ បន្ថែមពីនេះ អាមេរិកក៏លែងផ្តល់ទិន្នន័យតេឡេមេទ្រី ដែលជាទិន្នន័យ​ប្រមូលយកពីចម្ងាយកំលុងការហោះហើររបស់មីស៉ីល ជុំវិញការបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) និងមីស៉ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹក (SLBM) ផងដែរ ប៉ុន្តែនឹងបន្តជូនដំណឹងជាមុនដដែល អំពីការធ្វើតេស្តមីស៉ីលទាំងនេះ។

ក្រសួងការបរទេសអាមេរិក បានលើកឡើងថា «ចំណាត់ការខាងលើគឺជាការឆ្លើយតប ចំពោះការបន្តបំពានរបស់ប្រទេសរុស្ស៉ីលើសន្ធិសញ្ញា New START។ សហរដ្ឋអាមេរិកបានជូនដំណឹងជាមុនដល់រុស្ស៉ីអំពីចំណាត់ការទាំងនេះ ហើយក៏បានបង្ហាញប្រាប់ពីបំណងនិងការ​ត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការប្រែក្រឡាស់ពួកវាវិញ ហើយអនុវត្តសន្ធិសញ្ញា New START ឱ្យពេញលេញផងដែរ ប្រសិនបើ​រុស្ស៉ីព្រមវិលត្រឡប់មកគោរពតាមសន្ធិសញ្ញាវិញ»

ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មិនបានដកប្រទេសរុស្ស៉ីចេញពីសន្ធិសញ្ញា New START ជាផ្លូវការទាំងស្រុងឡើយ ប៉ុន្តែលោកបានប្រកាសកាលពីខែកុម្ភៈ ឆ្នាំនេះថា រុស្ស៉ីនឹងផ្អាកការចូលរួម ដែលជាហេតុនាំឱ្យកិច្ចព្រមព្រៀងចុងក្រោយ ស្តីពីការគ្រប់គ្រង​អាវុធនុយក្លេអ៊ែររវាងរុស្ស៉ីនិងសហរដ្ឋអាមេរិកមួយនេះ ស្ថិតក្រោមហានិភ័យ។

គួរបញ្ជាក់ថា ដោយត្រូវបានចុះហត្ថលេខាដំបូងកាលពីឆ្នាំ២០១០ ហើយត្រូវផុតសុពលភាពនៅឆ្នាំ២០២៦ សន្ធិសញ្ញា New START ដាក់កំណត់នូវចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្រ្ត ដែលប្រទេសទាំងពីរអាចដាក់ពង្រាយបាន។ នៅក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញានេះ ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងមូស្គូ អាចដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្រ្តមិនលើស១,៥៥០គ្រាប់ រួមជាមួយមធ្យោបាយដើម្បី​បំពាក់ពួកវា ដូចជាមីស៉ីលបាញ់ចេញពីដីគោក មីស៉ីលបាញ់ពីនាវាមុជទឹក ហើយនិងយន្តហោះទម្លាក់គ្រាប់បែក យ៉ាងច្រើន៧០០គ្រាប់-គ្រឿង៕