(វីលនីញូស)៖ ទីភ្នាក់ងារវិនិយោគរបស់រដ្ឋាភិបាលលីទុយអានី បានឱ្យដឹងថាក្នុងសប្តាហ៍នេះថា តៃវ៉ាន់បានបរិច្ចាគថវិកា៥លានដុល្លារ មកកាន់គម្រោងដឹកនាំដោយលីទុយអានី ដែលមានគោលដៅជួយអ៊ុយក្រែនស្ថាបនាប្រទេសឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។
លីទុយអានីបាននិយាយថា រដ្ឋាភិបាលខ្លួនបានចំណាយប្រាក់ប្រហែល៩.៨លានអឺរ៉ូហើយ (៩.២លានដុល្លារអាមេរិក) ក្នុងកិច្ចប្រឹងប្រែងជួយស្ថាបនាអ៊ុយក្រែនឡើងវិញ ខណៈថវិកាដែលតៃវ៉ាន់បានចូលរួមចំណែក នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការសាងសង់សាលារៀន និងការទិញសម្ភារវិស័យអប់រំ។
លោក រ៉យ ឈុនលី (Roy Chun Lee) អនុរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ បានលើកឡើងយ៉ាងដូច្នេះថា «តៃវ៉ាន់មើលឃើញអ៊ុយក្រែន ប្រៀបដូចជារូបភាពរបស់ខ្លួនផ្ទាល់ ដោយគ្រាន់តែស្ថិតនៅទ្វីបខុសគ្នា។ យើងទាំងពីរសុទ្ធតែប្រឈមមុខជាមួយរបប ដែលមិនខ្មាស់អៀនក្នុងការប្រើប្រាស់កម្លាំងបាយ ដើម្បីបង្ខំទស្សនពិភពលោករបស់ពួកគេ មកលើអ្នកដទៃនោះឡើយ។ ប្រសិនបើថ្ងៃណាមួយ តៃវ៉ាន់ប្រឈមការសម្លុតគំរាមយោធាក្នុងកម្រិតកាន់តែខ្លាំងពីចិន យើងក៏នឹងរំពឹងទទួលបានការជួយគាំទ្រពីអ្នកវិញផងដែរ ពោលគឺដូចដែលយើងកំពុងជួយអ៊ុយក្រែនយ៉ាងដូច្នោះ»។
គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ២០២២ ចិនបានទម្លាក់កម្រិតចំណងការទូតរបស់ខ្លួនជាមួយលីទុយអានី ហើយបានអំពាវនាវឱ្យប្រទេសផ្សេងទៀត កាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងវីលនីញូសថែមទៀតផង បើចង់បន្តនៅអាចចូលមកកាន់ទីផ្សារដ៏ធំសម្បើមរបស់ចិន។ ទីក្រុងប៉េកាំងបានធ្វើបែបនោះ បន្ទាប់ពីលីទុយអានីបានសម្រេចទទួលឱ្យតៃវ៉ាន់បើកការិយាល័យតំណាង នៅក្នុងប្រទេសខ្លួន៕