(តូក្យូ)៖ ផ្នែកខ្លះនៃប្រទេសជប៉ុនបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុងម៉ាវ៉ា (Mawar) កាន់តែជិតបោកបក់មកដល់ ដោយនឹងនាំមកនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ជំរុញឲ្យអាជ្ញាធរចេញការណែនាំដល់មនុស្សរាប់ម៉ឺននាក់ ឲ្យធ្វើការជម្លៀសខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ព្យុះទីហ្វុងម៉ាវ៉ា (Mawar) ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញលើកោះហ្កាំ (Guam) កាលពីដើមសប្តាហ៍នេះ បានចុះខ្សោយទៅជាកម្លាំងព្យុះត្រូពិច ហើយត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងត្បូងនៃកោះដ៏ធំមួយរបស់ជប៉ុន គឺកោះហុនស៊ូ (Honshu) នៅពេលរំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ មន្រ្តីឧតុនិយមព្រមានថា វានៅតែមានគ្រោះថ្នាក់ដែលខ្យល់សើមពីព្យុះទីហ្វុង ប្រែទៅជាភ្លៀងធ្លាក់ជោគជាំ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានអំពីទឹកជំនន់សម្រាប់ប្រជុំកោះអូគីណាវ៉ា (Okinawa) និងផ្នែកខ្លះនៃកោះស៉ីកូគុ (Shikoku) និងហុនស៊ូ (Honshu) ដោយអាចនឹងមានភ្លៀងធ្លាក់កម្រិត ៣៥០មីលីម៉ែត្រនៅតំបន់ភាគខាងលិចនៃទីក្រុងហុនស៊ូ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា បាតុភូតអាកាសធាតុស្រដៀងគ្នានេះ ធ្លាប់បណ្តាលឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនាពេលកន្លងមក ជាពិសេសនៅក្នុងរដូវក្តៅនៃឆ្នាំ ២០១៨ នៅពេលដែលមនុស្សជាង ២០០នាក់ បានស្លាប់នៅភាគខាងលិចប្រទេសជប៉ុន៕