(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃសុក្រនេះ បានដកចេញការប្រកាសអាសន្នពីការវាយឆ្មក់តាមផ្លូវអាកាស នៅតាមតំបន់ជាច្រើនទូទាំងប្រទេស ខណៈក្រុមមន្ត្រី ក្នុងរដ្ឋធានីកៀវ បាននិយាយថាប្រព័ន្ធការពារដែនអាកាសបានបាញ់កម្ទេចមីស៊ីល និងយន្ដហោះដ្រូនរបស់រុស្ស៉ីជាង ៣០គ្រាប់ និងគ្រឿង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ទីក្រុងមូស្គូ បានបើកការវាយប្រហារដោយយន្ដហោះដ្រូន និងការបាញ់ស្រោចមីស៊ីល ២០លើកដាច់ដោយឡែកពីគ្នា លើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ចាប់តាំងពីដើមខែឧសភាមក។ បើតាមយោធាអ៊ុយក្រែន នៅក្នុងការវាយប្រហារទាំងនេះ រុស្ស៉ីបានបាញ់មីស៊ីលគ្រូស និងការវាយប្រហារដោយយន្ដហោះដ្រូន ក្នុងពេលជាមួយគ្នា។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែឧសភាមក អ៊ុយក្រែន បានអះអាងជារឿយៗថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះដ្រូន និងមីស៊ីល របស់រុស្ស៉ីភាគច្រើនលើសលប់ ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ៕