(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចំពប់ជើងដួលនៅលើវេទិកា ខណៈរូបលោកចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតយោធា នៅឯសាលាកងទ័ពអាកាស ក្នុងរដ្ឋ Colorado នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ភ្លាមៗនោះដែរ សេតវិមានបានចេញមកបញ្ជាក់ថាលោក បៃដិន មិនបានរងរបួសអ្វីនោះទេ រី​ឯលោក បៃដិនផ្ទាល់ក៏បានក្រោកឈរដើរទៅរកកៅអីអង្គុយដោយ ខ្លួនឯងផងដែរ។ នៅពេលលោក បៃដិន ងើបឈរ លោកបានចង្អុលទៅកាន់វត្ថុម្យ៉ាង ដែលធ្វើឱ្យលោកចំពប់ជើងដួល ហើយវត្ថុនេះត្រូវបានគេបញ្ជាក់ថាគឺជា ជាថង់ខ្សាច់តូចៗចំនួន២ ដែលគេប្រើដើម្បីទ្រឧបករណ៍ Teleprompters។

គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ ៨០ឆ្នាំ គឺជាប្រធានាធិបតីមានវ័យចំណាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយលោកក៏បាន ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្ដងទៀត សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ផងដែរ៕