(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាប្រទេសស៊ុយអែត នឹងក្លាយជាសមាជិកបក្សសម្ព័ន្ធ យោធា NATO ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោកបានលើកឡើងពីលទ្ធភាពដែលតួកគីអាចនឹងទម្លាក់ចោលការវ៉េតូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយចេញពីរដ្ឋ Colorado និងក្រោយពីលោកផ្ទាល់បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ប្រធានាធិបតីតួកគី អឺដូហ្កាន់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ បើតាមលោក បៃដិន លោក អឺដូហ្កាន់ ដែលទើបតែទទួលបានជ័យជម្នះក្នុងការ បោះឆ្នោតប្រធានាធិបតីតួកគី កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានបញ្ជាក់ឡើងវិញពីបំណងរបស់ទីក្រុងអង់ការ៉ា ដើម្បីទិញយន្ដហោះចម្បាំង F-16 ពី សហរដ្ឋអាមេរិក ខណៈលោក បៃដិន បានជំរុញឱ្យទីក្រុងអង់ការ៉ាទម្លាក់ចោលការវ៉េតូជំទាស់នឹងសមាជិកភាពរបស់ស៊ុយអែត ក្នុង NATO។

នៅក្នុងសុន្ទរកថាដដែលនោះដែរ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «បក្សសម្ព័ន្ធយោធា NATO នឹងកាន់តែរឹងមាំក្រោយការទទួលយកហ្វាំងឡង់ កាលពីពេលថ្មីៗនេះ ហើយស៊ុយអែតនឹងក្លាយជាសមាជិកឆាប់ៗនេះ។ វានឹងកើតឡើង ខ្ញុំសន្យាចំពោះអ្នកទាំងអស់គ្នា»។ ប៉ុន្តែ លោក បៃដិនមិនបាន បញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា លោក ចូ បៃដិន ក៏បានអះអាងដែរថាលោកនឹងជជែកជាមួយលោក អឺដូហ្កាន់ជាថ្មីម្ដងទៀត ខណៈកិច្ចប្រជុំប្រចាំឆ្នាំរបស់ NATO ក្នុងទីក្រុង វីលនីញូស (Vilnius) ប្រទេសលីទុយអានី នឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ៕