(អូស្លូ)៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា «សម្ព័ន្ធមិត្តណាតូទាំងអស់យល់ស្របថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពនេះ» យ៉ាងពិតប្រាកដ ហើយរុស្ស៉ីមិនអាចវេតូប្រឆាំងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៣។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុង Oslo លោក Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តទាំងអស់បានយល់ព្រមថា «ទ្វាររបស់ណាតូគឺបើកចំហសម្រាប់សមាជិកថ្មីបន្ថែមទៀត»។
លោកបាននិយាយថា «សម្ព័ន្ធមិត្តទាំងអស់ក៏យល់ព្រមថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធមិត្តយោធានេះ ហើយសម្ព័ន្ធមិត្តទាំងអស់យល់ស្របថា វាគឺសិទ្ធិរបស់សម្ព័ន្ធមិត្តអង្គការណាតូ និងអ៊ុយក្រែន ក្នុងការសម្រេចចិត្តនៅពេលដែលអ៊ុយក្រែនក្លាយជាសមាជិក»។
លោកបានសង្កត់ធ្ងន់ថា «សម្រាប់ទីក្រុងមូស្គូ គឺមិនអាចវេតូប្រឆាំងនឹងការពង្រីកខ្លួនរបស់អង្គការណាតូនោះទេ។ ប៉ុន្តែសំខាន់បំផុត សម្ព័ន្ធមិត្តទាំងអស់យល់ស្របថា កិច្ចការបន្ទាន់ និងសំខាន់បំផុតនាពេលនេះគឺដើម្បីធានាថា អ៊ុយក្រែនមានជ័យជំនះក្នុងនាមជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព...»៕