(កៀវ)៖ អាវុធនៃជំនួយរបស់អង្គការណាតូផ្តល់ទៅឱ្យអ៊ុយក្រែនបានបន្តប្រើប្រាស់បាញ់ដាក់លើទឹក ដីរុស្ស៊ីបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលក្រុងគៀវបានបន្តបដិសេធថាមិនបានជាប់ពាក់ព័ន្ធឡើយ។ ដ្រូនរបស់អ៊ុយក្រែនបានធ្វើការវាយប្រហារដាក់លើរោងចក្រចម្រាញ់ប្រេងចំនួន២ កន្លែងថែមទៀតក្នុងទឹកដី Krasnodar នៃខេត្ត Belgorod របស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារ ដោយដ្រូនក្នុងរដ្ឋធានីមូស្គូនោះរួចមក។

អាវុធនៃជំនួយរបស់អង្គការណាតូផ្តល់ទៅឱ្យអ៊ុយក្រែន ត្រូវគេរាយការណ៍ថាបានបន្តប្រើ ប្រាស់ក្នុងការវាយប្រហារលើទឹកដីរុស្ស៊ី។ ការវាយប្រហារក្នុងទឹកដីរបស់រុស្ស៊ីនេះ មានទាំង ការប្រើដ្រូននិងការប្រើកាំភ្លើងផ្លោងដាក់ថែមទៀត។

ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធទី៣១ឧសភាថា មានគ្រាប់ផ្លោង​របស់អ៊ុយក្រែនបាន​វាយប្រហារ​មកលើទីក្រុង Krasnodar នៃខេត្ត Belgorod របស់រុស្ស៊ី ដែលជាការវាយប្រហារជាលើកទីបី ដាក់មកលើក្រុងរុស្ស៊ីក្នុងសប្ដាហ៍នេះ។ ​ដ្រូនរបស់អ៊ុយក្រែនបាន​វាយប្រហារលើ​រោង​ចក្រ​ចម្រាញ់ប្រេង​ចំនួនពីរកន្លែងថែមទៀតក្នុងខេត្ត​ Belgorod នោះ។ រដ្ឋបាលខេត្តរុស្ស៊ីបានឱ្យដឹងថា ការវាយប្រហារបានធ្វើឡើងវេលាទាបភ្លឺម៉ោងប្រមាណ៣និង ១៥នាទីថ្ងៃទី៣១ឧសភាឆ្នាំ២០២៣។ មនុស្ស៤នាក់បានរងរបួស អគារខុនដូចំនួន៨បានរង ការខូចខាត ផ្ទះចំនួន៤ខ្នង កន្លែងធ្វើអាជីវកម្មរកស៊ីចំនួនមួយ សាលារៀនមួយកន្លែង​និងកា រិយាល័យរដ្ឋបាល២កន្លែង ក៏ដូចជារថយន្តចំនួន១២គ្រឿង បានរងការខូចខាតដោយសារការ វាយប្រហាររបស់អ៊ុយក្រែន។

ការវាយប្រហារកាលពីថ្ងៃទី៣១ឧសភាគឺជាការវាយប្រហារដាក់មកលើទីប្រជុំជនរបស់ក្រុង រុស្ស៊ីបន្ទាប់ពីការវាយប្រហារដ្រូនអ៊ុយក្រែន ដាក់លើតំបន់ក្រុងម៉ូស្គូដែលធ្វើឡើងនាវេលាទាបភ្លឺដូចគ្នា។ មន្ត្រីវិមានក្រឹមឡាំងបានថ្លែងកត់សម្គាល់ថា ការប្រើប្រាស់ដ្រូននិងអាវុធរបស់អង្គ ការណាតូវាយប្រហារដាក់លើទឹកដីរុស្ស៊ីជាបន្តបន្ទាប់មកនេះ មិនមានការថ្កោលទោសណា មួយពីក្រុមប្រទេសលោកខាងលិចនោះឡើយ ប៉ុន្តែបើសិនជាមានការវាយប្រហាររបស់រុស្ស៊ីនោះវិញ ការថ្កោលទោសត្រូវគេឃើញថាបានធ្វើឡើងគ្រប់ជុំទិសទាំងអស់។ ការវាយប្រហារដោយដ្រូនមកក្នុងទឹកដីរុស្ស៊ី ទន្ទឹមនឹងសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិក ត្រៀមនឹងផ្តល់កញ្ចប់ថវិកាថ្មីមកអ៊ុយក្រែនជាបន្ថែមទៀត ដែលរួមមានប្រព័ន្ធការពារអាកាស និងគ្រាប់រំសេវជាច្រើនលានគ្រាប់។

សេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន NOVA.News ក្នុងប្រទេសរុស្ស៊ីបានសរសេរថា កញ្ចប់ជំនួយយោធាជាបន្ទាប់របស់សហរដ្ឋអាមេរិកប្រមាណ៣០០លានដុល្លារមកប្រទេស អ៊ុយក្រែននោះ ក៏រួមមានទាំងដ្រូនប្រយុទ្ធលើសមរភូមិនោះផងដែរ។ ដ្រូនគឺជាអាវុធដែល ប្រើប្រាស់ជាញឹកញាប់ដើម្បីកម្ទេចគោលដៅបដិបក្ខទៅវិញទៅមករវាងរុស្ស៊ីនិងអ៊ុយក្រែន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែនលោក John Kirby បានថ្លែងក្នុងពេលប្រកាស កញ្ចប់ជំនួយថ្មីយោធាថា ជំនួយយោធាដែលបានបញ្ជួនមកប្រទេសអ៊ុយក្រែននេះ នឹងមិនត្រូវ យកទៅប្រើប្រាស់ដាក់លើទឹកដីរបស់រុស្ស៊ីឡើយ បើទោះបីជាមានការពិតបានបង្ហាញថាអ៊ុយ ក្រែនបានប្រើអាវុធជំនួយយោធាវាយប្រហារដាក់មកក្នុងទឹកដីរុស្ស៊ីក៏ដោយ។

នៅជាមួយគ្នានេះដែរ មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មានរបស់សហរដ្ឋអាមេរិកបានបដិសេធថា មិនមានភស្ថុតាងណាអាចចង្អុលបង្ហាញថា ដ្រូនដែលបានធ្វើការវាយប្រហារលើទឹកដី រុស្ស៊ី ជាបន្តបន្ទាប់មកនេះ គឺជាដ្រូនដែលផលិតដោយសហរដ្ឋអាមេរិកនោះឡើយ។

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានថ្លែងថាទាក់ទងទៅនឹងការវាយ ប្រហារដោយដ្រូនកើតឡើងក្នុងក្រុងម៉ូស្គូនោះ គឺសហរដ្ឋអាមេរិកកំពុងតែប្រមែប្រមូលព័ត៌ មានដែលជាប់ពាក់ព័ន្ធដើម្បីចង់ដឹងថាតើមានអ្វីដែលបានកើតឡើង។ លោកស្រីបានថ្លែងថា នេះជាអ្វីដែលសហរដ្ឋអាមេរិកចង់បញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ។ លោកស្រី Karine Jean-Pierre បានបញ្ជាក់ចុងក្រោយថា សហរដ្ឋអាមេរិកនឹងមិនគាំទ្រចំពោះការវាយប្រហារណាមួយ ដែលធ្វើនៅលើទឹកដីរបស់រុស្ស៊ីនោះឡើយ។

អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិអ៊ុយក្រែនលោក John Kirby បានថ្លែងបន្ទរទៀតថា រដ្ឋ បាលលោកចូបៃដិននាពេលនេះក៏មិនទាន់ដឹងថាតើក្រុមណាដែលជាក្រុមបានធ្វើការវាយ ប្រហារដាក់លើរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ីនោះដែរ។ បើទោះបីជាមានការរលាស់ដៃនូវភាពមិនជាប់ពាក់ព័ន្ធនោះក៏ដោយ ការវាយប្រហារដោយ ប្រើប្រាស់ជំនួយយោធារបស់សហរដ្ឋអាមេរិក និងក្រុមប្រទេសអង្គការណាតូត្រូវរុស្ស៊ីបានចាត់ ទុកថាជាភស្ថុតាងមិនអាចប្រកែកបានឡើយ។

មេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានថ្លែងក្រោយការវាយប្រហារដោយដ្រូនអ៊ុយក្រែន ដាក់លើរដ្ឋធានីម៉ូស្គូកាលពីថ្ងៃអង្គារ៍ ចាត់ទុកការវាយប្រហារដាក់លើហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល ក្នុងទឹកដីរុស្ស៊ីនោះ គឺជាសកម្មភាពភេរវកម្ម។

លោក វ្លាឌីមៀរ ពូទីន បានថ្លែងថា របបដឹកនាំក្រុងគៀវ បានជ្រើសយកវិធីបន្លាចប្រទេសរុស្ស៊ី ​និងប្រជាជនរុស្ស៊ី តាមរយៈការធ្វើសកម្មភាពវាយប្រហារ ដាក់លើអគាររស់នៅរបស់ប្រជាពលរដ្ឋ។ លោកពូទីនបានជម្រុញឱ្យមានការពង្រឹងថែមទៀតនូវប្រព័ន្ធការពារអាកាសរបស់រុស្ស៊ី។

ការវាយប្រហារដាក់លើរដ្ឋធានីម៉ូស្គូនេះ បានជម្រុញឱ្យមន្ត្រីរុស្ស៊ីខ្លះចង់ឱ្យលោកវ្លាឌីមៀរពូទីន ប្រកាសការធ្វើសង្គ្រាមទាំងស្រុងជាមួយនឹងអ៊ុយក្រែន។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃពុធថារុស្ស៊ីមិនទាន់មានគម្រោងប្រកាសច្បាប់អាជ្ញាសឹក ក្នុងការប្រកាសធ្វើសង្គ្រាមទាំងស្រុងដាក់លើប្រទេសអ៊ុយក្រែននោះឡើយ។

ការ​វាយប្រហារដាក់លើតំបន់ទីប្រជុំនេះ​កើតមាន នៅខណៈ​ដែលអ៊ុយក្រែនកំពុងត្រៀមខ្លួន បើកយុទ្ធនាការវាយបកដាក់លើកម្លាំងរុស្ស៊ីនាភាគខាងកើត និងខាងត្បូងប្រទេសដើម្បីដណ្តើម យកទឹកដីរបស់ខ្លួនវិញ។ គិតត្រឹមថ្ងៃទី១មិថុនា រដូវ Spring បានបញ្ចប់និងឈានចូលរដូវក្តៅ Summer។ ការត្រៀមបើកយុទ្ធនាការវាយបករបស់អ៊ុយក្រែនក្នុងរដូវ Spring បានកន្លងហួសទៅហើយ ខណៈដែលរដូវក្តៅបានឈានចូលមកដល់ ប៉ុន្តែការវាយលុករដូវក្តៅ ក៏មិនទាន់ បានចាប់ផ្តើមទៀតបើទោះបីជាទាហានអ៊ុយក្រែននិងទាហានរុស្ស៊ីបានធ្វើការវាយឆ្មក់ដាក់គ្នា តាមផ្លូវអាកាសទៅវិញទៅមកជាញឹកញាប់ក៏ដោយ។

ក្រុមអ្នកតាមដានសភាពការណ៍វិវត្តន៍នេះ បាននិយាយថាខណៈដែលយុទ្ធនាការវាយបក នៅមិនទាន់បានចាប់ផ្តើមនេះ អ៊ុយក្រែនហាក់ដូចជាផ្លាស់ប្តូរយុទ្ធសាស្ត្រ យោធារបស់ខ្លួន ដោយប្រើដ្រូនធ្វើការវាយរំខានដល់រុស្ស៊ីនៅតាមទីកន្លែងប្រជុំជនខ្លះដែលពួកគេអាចធ្វើបាន ក្នុងទឹកដីរបស់រុស្សី។ ទាហានអ៊ុយក្រែនបានថ្លែងថា ការវាយប្រហារនោះ ហាក់ដូចជាទទួល បានជោគជ័យច្រើនជាង ការប្រយុទ្ធនៅលើសមរភូមិ និងមិនសូវចំណាយគ្រាប់រំសេវដែល មានតម្លៃថ្លៃជាងដ្រូននោះថែមទៀត។

ក្រុមអ្នកតាមដានសភាពការណ៍បានថ្លែងថា ការប្រើប្រាស់ដ្រូនវាយប្រហារក្នុងសម័យ បច្ចេកវិទ្យានេះបានធ្វើឱ្យមាន ការផ្លាស់ប្តូរនូវរបៀបវាយប្រហារដែលធ្លាប់មានកាលពីមុនកន្លង​មក។ នាពេលនេះ ទាំងអ៊ុយក្រែន និងរុស្ស៊ី បាននិងកំពុងប្រើប្រាស់ដ្រូនវាយប្រហារដាក់ គ្នាទៅវិញទៅមក។

អង្គភាពដ្រូនរបស់អ៊ុយក្រែនបានថ្លែងថា ការប្រើប្រាស់ដ្រូនក្នុងការធ្វើសង្គ្រាមបានកាត់បន្ថយ ជីវិតទាហានបានច្រើននៅលើសមរភូមិ និងការប្រើដ្រូនមានតម្លៃថោកជាងអាវុធថ្លៃៗដែលប្រើ ប្រាស់ក្នុងការប្រយុទ្ធគ្នា។ ការប្រើដ្រូន បានជួយឱ្យពួកគេបានដឹងនូវព័ត៌មាននិងកន្លែងលាក់ ខ្លួនរបស់រុស្ស៊ីក្នុងព្រៃ និងជ័យជំនះលើការវាយប្រហារដាក់លើទាហានរុស្ស៊ីគឺតែងពឹងផ្អែកជា សំខាន់លើការប្រើដ្រូន។

យោងតាមរូបភាពតាមបណ្តាញសង្គម ដ្រូនស៊ើបការណ៍របស់អ៊ុយក្រែន បានចាប់រូបភាព ទាហានរុស្ស៊ីដែលហាលភួយនិងឃើញនូវយានយន្តប្រយុទ្ធរបស់រុស្ស៊ីលាក់បង្កប់នៅក្នុងព្រៃ។ ទាហានអ៊ុយក្រែនបានថ្លែងថា ការប្រើដ្រូនមានប្រយោជន៍ក្នុងការជួយជីវិតទាហាន។ បើសិន ជាទាហានដើរចូលក្នុងព្រៃ ដោយមិនដឹងនូវហេតុការណ៍នោះ ពួកគេនឹងអាចជាប់អន្ទាក់របស់ សត្រូវ…ដូច្នេះគេត្រូវតែដឹងព័ត៌មានជាមុនសិន តាមរយៈដ្រូនស៊ើបការណ៍ពីលើអាកាស។

ទាហានអ៊ុយក្រែនបានថ្លែងថាដ្រូនក្រៅពីប្រយោជន៍ជួយលើការស៊ើបការណ៍ គេអាចប្រើ ប្រាស់ដ្រូនដែលលក់ក្នុងតម្លៃថោកលើទី ផ្សារដោយច្នៃភ្ជាប់ឧបករណ៍សម្រាប់បំផ្ទុះក្នុងការ វាយប្រហារដាក់លើសត្រូវ។

ទាហានអ៊ុយក្រែនបានថ្លែងថាដ្រូនតម្លៃ៣០០ដុល្លារដែលគេអាចទិញបានតាមទីផ្សារ ក៏អាច ត្រូវបានប្រើប្រាស់ក្នុងការកំចាត់ខ្មាំងសត្រូវបានដែរ។ ដ្រូនតម្លៃថោកនោះ អាចកម្ទេចរថក្រោះ បាន។ ទាហានអ៊ុយក្រែនបាននិយាយថាអង្គភាពរបស់គាត់បានប្រើដ្រូនតម្លៃថោកទាំងនោះ ធ្វើការបំផ្លាញរថក្រោះរបស់សត្រូវ,បំផ្លាញឧបករណ៍យោធារបស់រុស្ស៊ីនិងថែមទាំងសម្លាប់ ដល់ទាហានថែមទៀត។ ទាហានអ៊ុយក្រែនបានថ្លែ​ងបន្តថានៅពេលដែលគេបានឃើញរថ ក្រោះរបស់សត្រូវ, គេបំពាក់ក្បាលផ្ទុះដែលអាចទម្លុះដែកបាន ដាក់ជាមួយនឹងដ្រូន និងបញ្ជា វាដើម្បីបុកកម្ទេចរថក្រោះ។ យុទ្ធជនដដែលនោះបន្តថា បើសិនជាគេឃើញកងកម្លាំងសត្រូវ ថ្មើរជើងនោះវិញ គេបំពាក់ឧបករណ៍ផ្ទុះដែលមានអំបែងដាក់លើដ្រូននោះ និងបង្ហោះវាសំដៅ ទៅគោលដៅ និងបើគេចង់បំផ្លាញអ្វីៗក្នុងអគារនោះវិញ គេនឹងដាក់គ្រឿងផ្ទុះដែលមានអំបែង ហើយបង្ហោះដ្រូននោះចូលក្នុងអគារ ដើម្បីឱ្យវាផ្ទុះក្នុងអគារនោះ៕