(អូស្លូ)៖ អគ្គលេខាធិការរបស់អង្គការណាតូ (NATO) លោក ជេន ស្តូលថិនបឺគ (Jens Stoltenberg) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រូបលោកនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងអង់ការ៉ា ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីជំរុញឱ្យតួកគីព្រមផ្តល់សច្ចាប័ន ចំពោះសមាជិកភាពណាតូរបស់ប្រទេសស៊ុយអែត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំមួយរវាងក្រុមរដ្ឋមន្រ្តីការបរទេស NATO នៅឯទីក្រុងអូស្លូនៃប្រទេសន័រវែស លោក ស្តូលថិនបឺគ បាននិយាយដូច្នេះថា «ខ្ញុំពិតជាមានការជឿជាក់ថា ស៊ុយអែតនឹងក្លាយជាសមាជិក ហើយពួកយើងកំពុងព្យាយាមប្រឹងប្រែង ដើម្បីឱ្យរឿងនោះកើតឡើងឆាប់ៗ តាមតែអាចធ្វើទៅបាន»។ លោក ស្តូលថិនបឺគ បានប្រាប់ថា លោកបានជជែកគ្នារួចហើយតាមទូរស័ព្ទ ជាមួយប្រធានាធិបតីតួកគីលោក រេស៉ីប តាយីព អឺដូហ្កាន់ (Recep Tayyip Erdogan) ក្នុងសប្តាហ៍នេះ ដើម្បីគូសរំលេចជាថ្មី នូវសារសំខាន់ក្នុងការបង្កើតឱ្យមានវឌ្ឍនភាព ពាក់ព័ន្ធទៅនឹងសមាជិកភាពណាតូរបស់ស៊ុយអែត។

គួរបញ្ជាក់ថា មកទល់ពេលនេះនៅសល់តែតួកគីនិងហុងគ្រីប៉ុណ្ណោះ ដែលជាសមាជិក NATO ចុងក្រោយគេ ដែលពុំទាន់ផ្តល់សច្ចាប័ន​ចំពោះពាក្យស្នើសុំសមាជិកភាពរបស់ស៊ុយអែត។ លោក អឺដូហ្កាន់ ដែលទើបតែជាប់ឆ្នោតកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដើម្បីបន្តកាន់​អំណាច៥ឆ្នាំទៀត ធ្លាប់បានចោទប្រកាន់ស៊ុយអែតថា ផ្តល់កន្លែងជ្រកកោនដល់ក្រុមដែលខ្លួនចាត់ទុកជាពួកភេរវករ ជាពិសេសសមាជិកគណបក្សឃើដ PKK។

រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក ថូបាយយ៉ាស ប៊ីលស្រ្តូម (Tobias Billstrom) បាននិយាយថា ទីក្រុងស្តុកខុលបានបំពេញគ្រប់​លក្ខខណ្ឌអស់ហើយ ក្នុងការក្លាយជាសមាជិកណាតូ និងបានទទូចឱ្យទីក្រុងអង់ការ៉ានិងទីក្រុងប៊ុយដាប៉ែស ផ្តល់សច្ចាប័នដើម្បីឱ្យប្រទេស​របស់លោក ចូលរួមក្នុងបក្សសម្ព័ន្ធយោធាលោកខាងលិចនេះ។ ដោយឡែក ហ្វាំងឡង់ដែលកាលពីពាក់កណ្តាលឆ្នាំមុន បានដាក់ពាក្យសុំដំណាលគ្នាជាមួយស៊ុយអែតដែរនោះ គឺបានក្លាយជាសមាជិក NATO ជាផ្លូវការរួចរាល់ហើយ កាលពីខែមេសា ឆ្នាំនេះ៕