(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី ស៊ានឡុង (Lee Hsien Loong) បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ១៩ ម្តងទៀត បន្ទាប់ពីទើបនឹងបានជាសះស្បើយ១ថ្ងៃ ហើយ​​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ចំពេលដែលមាន «ការស្ទុះងើបឡើងវិញនៃការឆ្លងកូវីដ១៩ នៅក្នុងប្រទេស»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

លោក លី បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅ។ តាមរយៈសារលើហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍ លោក លី បានសរសេរថា «ខ្ញុំមានសុខភាពធម្មតា ប៉ុន្តែខ្ញុំបែរជាមានវិជ្ជមានសម្រាប់ជំងឺកូវីដ១៩ ម្តងទៀត។ គ្រូពេទ្យរបស់ខ្ញុំនិយាយថា វាគឺជាជំងឺកូវីដ១៩ ដែលកើតឡើងក្នុងពី ៥ទៅ ១០ភាគរយនៃករណីឆ្លង»

លោកនាយករដ្ឋមន្រ្តីដែលមានអាយុ ៧១ឆ្នាំ បានបន្ថែមថា លោកនៅតែឆ្លងកូវីដ១៩ បើទោះបីជាហានិភ័យមិនខ្ពស់ បើប្រៀបធៀបទៅនឹងការឆ្លងដំបូងក៏ដោយ។ ពេលនេះ គ្រូពេទ្យបានណែនាំឲ្យលោកនៅដាច់ដោយឡែក រហូតដល់ការធ្វើតេស្តចេញលទ្ធផលអវិជ្ជមាន ដោយឧបរកណ៍តេស្តរហ័ស។ បើតាមការិយាល័យនាយករដ្ឋមន្រ្តី លោក លី កំពុងសម្រាកព្យាបាលនៅផ្ទះ។

គួរបញ្ជាក់ថា អំឡុងពេលអវត្តមាននេះ ឧបនាយករដ្ឋមន្ត្រី លោក ឡរ៉ែន វង់ (Lawrence Wong) នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទី ខណៈសិង្ហបុរី ត្រូវធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃមេដឹកនាំសិង្ហបុរី-អូស្ត្រាលី លើកទី៨ នៅថ្ងៃសុក្រសប្តាហ៍នេះ៕