(ជីស៉ីណូ)៖ អង្គការណាតូ (NATO) នឹងឃ្លាំមើលដែនអាកាសនៅលើប្រទេសម៉ុលដាវី ជាទីដែលក្រុមមេដឹកនាំប្រទេសអឺរ៉ុបជាង៤០នាក់ ត្រូវចូលរួមកិច្ចប្រជុំកំពូលមួយ ដែលមានទីតាំងស្ថិតនៅក្បែរនឹងព្រំប្រទល់របស់អ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រសម្រាប់ប្រទេសទាំងពីរ ចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

ការប្រមូលផ្តុំនៃមេដឹកនាំប្រទេសទាំង២៧ ដែលជាសមាជិកសហភាពអឺរ៉ុប (EU) ព្រមទាំងប្រទេសអឺរ៉ុប២០ផ្សេងទៀត នៅទីតាំងមួយដែលមានចម្ងាយត្រឹម២០គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំប្រទល់អ៊ុយក្រែន គឺជាបន្ទុកធំមួយសម្រាប់ប្រទេសដែលមានប្រជាជន២.៥លាននាក់មួយនេះ ពាក់ព័ន្ធការទទួលរៀបចំកម្មវិធីនិងការការពារសន្តិសុខ។ ម៉ុលដាវីស្ថិតនៅចន្លោះ​ប្រទេសអ៊ុយក្រែន ហើយនិងប្រទេសរ៉ូម៉ានីដែលជាសមាជិកណាតូ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះ ផងដែរ។

អង្គការណាតូ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យន្តហោះឈ្លបការណ៍ AWACS របស់ណាតូ នឹងធ្វើប្រតិបត្តិការឃ្លាំមើល​ដែនអាកាស នៅលើទីតាំងសម្រាប់រៀបចំកិច្ចប្រជុំ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។ អ្នកនាំពាក្យណាតូ បានអះអាងយ៉ាងដូច្នេះថា «យន្តហោះ AWACS របស់ណាតូ អាចចាប់សញ្ញាយន្តហោះ មីស៉ីល និងដ្រូន នៅចម្ងាយរាប់រយគីឡូម៉ែត្រ ដែលធ្វើឱ្យវាគឺជាសមត្ថភាពប្រកាសអាសន្នទាន់ពេលវេលាដ៏សំខាន់មួយ»

ចំណែក ប្រធានាធិបតីម៉ុលដាវី លោកស្រី ម៉ាយ៉ា សានឌូ (Maia Sandu) បានលើកឡើងថា «វត្តមានរបស់ក្រុមមេដឹកនាំអឺរ៉ុបនៅក្នុងប្រទេសរបស់យើង គឺជាសារយ៉ាងជាក់ច្បាស់ ដែលបង្ហាញថាម៉ុលដាវីមិនមែននៅឯកោឡើយ ហើយអ្នកជិតខាងយើងគឺអ៊ុយក្រែនក៏ដូចគ្នាដែរ ដែលរយៈពេល១៥ខែមកនេះ បានបន្តប្រយុទ្ធតស៊ូប្រឆាំងនឹង ការឈ្លានពានដ៏ឃោរឃៅ​របស់រុស្ស៉ី»

គួរបញ្ជាក់ថា កន្លងមកនេះ បំណែកមីស៉ីលពីសង្រ្គាមនៅអ៊ុយក្រែន ធ្លាប់ត្រូវបានរកឃើញនៅម៉ុលដាវីប៉ុន្មានលើក គិតចាប់តាំងតែពីពេលរុស្ស៉ី បានបើកការឈ្លានពានលើអ៊ុយក្រែន កាលពី១៥ខែមុន៕