(សេអ៊ូល)៖ អ្នកនាង គីម យ៉ូជុង ជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាផ្កាយរណបស៊ើបការណ៍យោធារបស់ប្រទេស នឹង ត្រូវបញ្ជូនទៅកាន់គន្លងតារាវិថីឆាប់ៗខាងមុខនេះ ហើយបានសន្យាដែរថាទីក្រុងព្យុងយ៉ាង នឹងបង្កើនការបាញ់បង្ហោះផ្កាយរណបយោធា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់អ្នកនាង គីម យ៉ូជុង ត្រូវបានដកស្រង់ចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ និងបន្ទាប់ពី ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់កូរ៉េខាងជើង ទទួលបរាជ័យដោយធ្លាក់ចូលទឹកសមុទ្រកាលពីថ្ងៃពុធ ទី៣១ ខែឧសភា។ អ្នកនាង គីម បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើសកម្មភាពទាំងឡាយណាដើម្បីការពារសិទ្ធិអធិបតេយ្យ និងផលប្រយោជន៍ជាតិ»។

ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ដែលអះអាងថាការបាញ់បង្ហោះនេះ មានជាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលត្រូវបានហាមឃាតដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែ ជាការឆ្លើយតបទៅការថ្កោលទោសទាំងនេះ អ្នកនាង គីម យ៉ូជុង បានចាត់ទុកថាគឺជាថ្កោលទោសលើខ្លួនឯងដូច្នោះដែរ ពីព្រោះប្រទេសជាសម្ព័ន្ធមិត្តទាំង៣ សុទ្ធ តែធ្លាប់បានបាញ់បង្ហោះផ្កាយរណបរាប់ពាន់គ្រឿង៕