(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃពុធនេះបានឲ្យដឹងថា ខ្លួនបានចាត់វិធានការ «សមស្រប» ក្នុងការឆ្លើយតបទៅនឹងការប្រព្រឹត្តរបស់ឥណ្ឌា ចំពោះអ្នកកាសែតចិន ដែលជាការវិវត្តថ្មីចុងក្រោយលើការបង្ហាញពីទំនាក់ទំនងដ៏តានតឹង រវាងប្រទេសមហាយក្សអាស៉ីទាំងពីរ ដែលនៅជាប់របងគ្នា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

ចិន និងឥណ្ឌាបានបណ្តេញអ្នកកាសែតស្ទើរតែទាំងអស់របស់គ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រោយពីមានសេចក្តីរាយការណ៍ថា ​ឥណ្ឌា​បាន​បដិសេធបន្ត​ទិដ្ឋាការ​របស់​អ្នក​សារព័ត៌មាន​រដ្ឋ​ចិន​ពីរ​នាក់​។ ទន្ទឹមនឹងនេះដែរ អ្នកសារព័ត៌មានឥណ្ឌាយ៉ាងហោចណាស់ពីរនាក់ មិនត្រូវបានផ្តល់ទិដ្ឋាការឲ្យត្រឡប់ទៅប្រទេសចិនវិញនោះទេ ហើយអ្នកទីបីត្រូវបានគេប្រាប់ថា ការទទួលស្គាល់គាត់ក៏ត្រូវបានដកហូតមកវិញដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំអាចប្រាប់អ្នកបាននោះគឺថា តាំងពីយូរយារណាស់មកហើយ អ្នកកាសែតចិនបានទទួលរងនូវភាពអយុត្តិធម៌ និងការរើសអើងនៅក្នុងប្រទេសឥណ្ឌា ហើយនៅឆ្នាំ ២០១៧ ភាគីឥណ្ឌាបានកាត់បន្ថយសុពលភាពទិដ្ឋាការរបស់អ្នកកាសែតចិនមកត្រឹម ៣ខែ ឬមួយខែ ដោយគ្មានហេតុផល»។ លោកស្រី ម៉ៅ បានបន្ថែមថា «ចំពោះមុខការគាបសង្កត់ដ៏អូសបន្លាយ និងមិនសមហេតុផលរបស់ភាគីឥណ្ឌា ចិនត្រូវចាត់វិធានការឆ្លើយតបសមស្រប ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រព័ន្ធផ្សព្វផ្សាយចិន»។

គួរបញ្ជាក់ថា ចិន និងឥណ្ឌា គឺជាអ្នកជិតខាងដែលមិនសុខនឹងគ្នាអស់ជាច្រើនទសវត្សរ៍មកហើយ បន្ទាប់ពីសង្រ្គាមនៅលើព្រំដែន នៃតំបន់ភ្នំហិម៉ាឡៃ ដែលបានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០។ ទំនាក់ទំនងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន នៅពាក់កណ្តាលឆ្នាំ២០២០ នៅពេលដែលកងទ័ពរបស់ពួកគេបានប៉ះទង្គិចគ្នានៅតាមព្រំដែន បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់៕