(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងត្បូងនិងក្រុមប្រទេសដែនកោះតំបន់ប៉ាស៉ីហ្វិក បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ហើយទីក្រុងសេអ៊ូលក៏បានប្តេជ្ញាបង្កើន ជំនួយអភិវឌ្ឍន៍ឱ្យដល់ទ្វេដងផងដែរ នៅឆ្នាំ២០២៧ ក្រោយការបើកកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលលើកដំបូង រវាងកូរ៉េខាងត្បូងនិងក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៩-៣០ ខែឧសភា នៅទីក្រុងសេអ៊ូល បាននិយាយថា «ក្រុមមេដឹកនាំទទួលស្គាល់ចំពោះ ភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដែលរួមមានទាំងសន្តិសុខដែនសមុទ្រ សន្តិសុខអាកាសធាតុ សន្តិសុខថាមពល សន្តិសុខអ៉ីនធើណិត សន្តិសុខមនុស្ស សន្តិសុខសុខភាពសាធារណៈ និងសន្តិសុខឆ្លងព្រំដែន»​

សេចក្តីប្រកាសខាងលើបានបន្តថា សន្តិភាពនិងស្ថិរភាពនៅតំបន់ប៉ាស៉ីហ្វិក គឺប្រទាក់ក្រឡាគ្នាជាមួយនិងសុខសន្តិភាពនិងស្ថិរភាពរបស់​ពិភពលោក។ រីឯកូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា ទីក្រុងសេអ៊ូលនឹងបង្កើនជំនួយអភិវឌ្ឍន៍របស់ខ្លួន ឱ្យបានទ្វេដងនៅត្រឹមក្នុងឆ្នាំ២០២៧ សម្រាប់ក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក។ កិច្ចប្រជុំរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងមេដឹកនាំក៏ដូចជាអ្នក​តំណាងទាំង១៧នាក់ មកពីវេទិកាដែនកោះប៉ាស៉ីហ្វិក គឺជាកិច្ចប្រជុំកំពូលទី៣ហើយ ក្នុងរយៈពេល១សប្តាហ៍ រវាងក្រុមមេដឹកនាំប្រទេសដែនកោះ​ប៉ាស៉ីហ្វិក ហើយនិងប្រទេសដែលមានសេដ្ឋកិច្ចធំ ពោលគឺក្រោយកិច្ចប្រជុំជាមួយឥណ្ឌានិងសហរដ្ឋអាមេរិក៕