(ស្តុកខុល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញដល់តួកគីឲ្យឆាប់សម្រេចបាននូវ ដំណើរការយល់ព្រមឲ្យស៊ុយអែតចូលជាសមាជិករបស់អង្គការណាតូ (NATO) ដោយនិយាយថាប្រទេសក្នុងតំបន់អឺរ៉ុបខាងជើងមួយនេះ បានចាត់វិធានការ សំខាន់ៗរួចហើយ ដើម្បីដោះស្រាយការជំទាស់របស់ទីក្រុងអង់ការ៉ាចំពោះសមាជិកភាពរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត នៅទីក្រុងលូលេអា (Lulea) ដែលស្ថិតភាគខាងជើងប្រទេសស៊ុយអែត លោក ប្ល៊ីនខិន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការដើម្បីបញ្ចប់ការចូលជាសមាជិករបស់ស៊ុយអែត ឲ្យទាន់ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះ។

លោក ប្ល៊ីនខិន បានគូសបញ្ជាក់ថា «យើងជឿថានេះគឺជាពេលវេលាសមរម្យ ហើយមិនមានហេតុផលសម្រាប់ការជាប់គាំងនោះទេ។ តួកគីបានលើកឡើងពី កង្វល់សំខាន់ៗ និងភាពស្របច្បាប់ ចំណែកស៊ុយអែត និងហ្វាំងឡង់ ក៏បានដោះស្រាយកង្វល់ទាំងនោះរួចហើយដែរ។ យើងទន្ទឹងរង់ចាំឲ្យដំណើរការនេះ ត្រូវបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដោយគ្មានការសង្ស័យនោះទេ»

គួរបញ្ជាក់ថា តួកគី បានយល់ព្រមផ្ដល់សច្ចាប័នលើសមាជិកភាពណាតូរបស់ហ្វាំងឡង់រួចរាល់ហើយកាលពីខែមីនា ប៉ុន្តែនៅតែបដិសេធចំពោះស៊ុយអែត ដោយ ចោទថាប្រទេសនេះផ្ដល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធដែលតួកគីកំពុងតាមចាប់ និងចាត់ទុកថាជាភេរវករ៕