(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សពីរនាក់នៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីមានការបាក់រលំផ្នែកខ្លះ នៃអគារផ្ទះល្វែងមួយកន្លែង ក្នុងរដ្ឋអាយអូវ៉ា (Iowa) របស់សហរដ្ឋអាមេរិក ចំថ្ងៃចុងសប្តាហ៍ដែលទំនងជាមានមនុស្សស្នាក់នៅខាងក្នុងផ្ទះ ប៉ុន្តែដោយសារ រចនាសម្ព័ន្ធអគារមានលក្ខណៈស្មុគស្មាញ នាំឲ្យពិបាកដល់ប្រតិបត្តិការស្វែងរក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

ប្រធានទីភ្នាក់ងារពន្លត់អគ្គិភ័យប្រចាំទីក្រុងដាវិនផត (Davenport) ដែលជាទីក្រុងតូចមួយនៅលើដងទន្លេមីសស៉ីសស៉ីពពី (Mississippi) ភាគខាងលិច នៃរដ្ឋអ៉ីលីណយ (Illinois) លោក ជេមស៍ ម៉ូរីស (James Morris) បាននិយាយថា ក្រុមមន្ត្រីបានផ្អាកការស្វែងរកដោយសារតែការព្រួយបារម្ភ ចំពោះ សុវត្ថិភាពរបស់បុគ្គលិកជួយសង្គ្រោះ។ អ្នកជំនាញកំពុងវាយតម្លៃលើផ្នែកផ្សេងទៀតនៃអគារដែលមិនទាន់បាក់រលំ។ បើតាមមន្ត្រីសាលាក្រុង អគារនេះ ត្រូវបានត្រួតពិនិត្យជាច្រើនដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទាំងលក្ខខណ្ឌ និងការត្រួតពិនិត្យលើសំណង់ ប៉ុន្តែបានបដិសេធមិនធ្វើការសន្និដ្ឋាន អំពីមូលហេតុនោះទេ។

គួរបញ្ជាក់ថា ផ្នែកកណ្តាលនៃអគាររៀបដោយឥដ្ឋ និងដែកកម្ពស់ ៦ជាន់បានដួលរលំកាលពីរសៀលថ្ងៃអាទិត្យសប្តាហ៍មុន (ម៉ោងក្នុងតំបន់)។ អគារនេះ មានអាយុកាលជាង ១០០ឆ្នាំដែលក្នុងនោះមាន អាផាតមិន និងទីតាំងអាជីវកម្មចំនួន ៨៤បន្ទប់។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមមន្ត្រីថាគ្មាននរណាម្នាក់ នៅខាងក្នុងនោះទេ បន្ទាប់ពីមនុស្សចំនួន ៨នាក់ត្រូវបានជួយសង្គ្រោះ ហើយដំណាក់កាលដំបូងនៃការរុះរើអគារដែលនៅសេសសល់ ត្រូវចាប់ផ្តើមនៅ ថ្ងៃអង្គារ។ ប៉ុន្តែតួលេខបានផ្លាស់ប្តូរ បន្ទាប់ពីអ្នករស់រានមានជីវិតទី ៩ ត្រូវបានជួយសង្គ្រោះកាលពីល្ងាចថ្ងៃចន្ទ ជាង ២៤ម៉ោងបន្ទាប់ពីការដួលរលំ៕