(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធារបស់ កូរ៉េខាងជើង ដែលធ្វើឱ្យភាពតានតឹងក្នុងតំបន់កើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Adam Hodge បានគូសបញ្ជាក់ដូច្នេះថា «ការបាញ់បង្ហោះផ្កាយរណបដែលបានបង្កឱ្យ មានការប្រកាសអាសន្ននៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន គឺប្រើបច្ចេកវិទ្យាដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង។ ការបាញ់បង្ហោះនេះបង្ក ហានិភ័យនៃអស្ថិរភាពដល់សន្តិសុខក្នុងតំបន់ទាំងមូល»

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាការបាញ់បង្ហោះផ្កាយរណបមួយរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានទទួលបរាជ័យ បន្ទាប់ពីមាន បញ្ហានៅត្រង់កំណាត់ទី២ នៃគ្រាប់រ៉ុក្កែត ដោយធ្វើឱ្យផ្កាយរណបនេះធ្លាក់ចូលទឹកសមុទ្រ។ ការបាញ់បង្ហោះផ្កាយរណបនេះដែរ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណប លើកទី៦ របស់កូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០១៦មក។

បើតាមរដ្ឋាភិបាលជប៉ុន កូរ៉េខាងជើង បានអះអាងថាខ្លួននឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុត នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដើម្បីពង្រឹងសមត្ថភាពតាមឃ្លាំមើលសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕