(ម៉ូហ្គាឌីស៊ូ)៖ ពួកយុទ្ធជនមកពីក្រុមឧទ្ទាមសូម៉ាលី Al-Shabaab បានវាយប្រហារមូលដ្ឋានយោធាមួយនៅជាយក្រុងភាគកណ្តាលប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។
ការវាយប្រហារនេះបានកើតឡើងនៅក្រុង Masagawa ដែលស្ថិតនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Mogadishu ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមភេរវកម្មនេះ បានវាយប្រហារមូលដ្ឋានទ័ពប្រទេសអ៊ូហ្គង់ដា នៃកងរក្សាសន្តិភាពសហភាពអាហ្វ្រិកនៅទីក្រុង Bulamarer ស្ថិតភាគនិរតីនៃរដ្ឋធានីរបស់ប្រទេសនេះ។
លោក Hussein Nur អ្នកស្រុក Masagawa បាននិយាយតាមទូរសព្ទថា «ខ្ញុំបានឃើញមនុស្ស ១៧នាក់បានស្លាប់ រួមទាំងអ្នកវាយប្រហារ និងអ្នករងការវាយប្រហារ។ ទីក្រុងនេះមានភាពស្ងប់ស្ងាត់ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល»។
អនុសេនីយ៍ឯក លោក Abdullah Mohammed មន្ត្រីយោធាក្នុងក្រុង Masagawa បានបញ្ជាក់អំពីការវាយប្រហារនេះ ហើយបាននិយាយថា ប្រយុទ្ធជន al Shabaab ចំនួន ១២នាក់ត្រូវបានសម្លាប់ ប៉ុន្តែគាត់មិនដឹងថា មានមនុស្សសរុបប៉ុន្មាននាក់បានស្លាប់នោះទេ។
លោក Mohammad បានគូសបញ្ជាក់ថា «ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានបន្តអស់រយៈពេលជាច្រើនម៉ោងនៅតាមជាយក្រុង។ រហូតមកដល់ពេលនេះ ខ្ញុំគ្រាន់តែដឹងថាយើងបានបាត់បង់ទាហាន ប៉ុន្តែខ្ញុំមិនមានចំនួនពិតប្រាកដនោះទេ។ យើងបានវាយលុកក្រុម al-Shabab ហើយឥឡូវនេះយើងកំពុងរុញច្រានពួកគេចូលទៅក្នុងព្រៃវិញ»។
គួរបញ្ជាក់ថា ចលនា Al-Shabaab ដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដា បាននិងកំពុងបើកការប្រយុទ្ធតាំងពីឆ្នាំ២០០៦ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកណ្តាលរបស់ប្រទេសសូម៉ាលី និងបង្កើតការគ្រប់គ្រងរបស់ខ្លួនដោយផ្អែកលើការបកស្រាយយ៉ាងតឹងរឹងនៃច្បាប់អ៊ីស្លាម។ ក្រុមនេះតែងតែបានបើកការវាយប្រហារធំៗទៅលើសណ្ឋាគារ មូលដ្ឋានយោធា និងស្ថាប័នរដ្ឋាភិបាលជាដើម៕