(មូស្គូ)៖ ក្រុមមន្រ្តីនៃប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា យន្តហោះដ្រូនបានហោះបុកអគារមួយចំនួន នៅទីក្រុងមូស្គូ ប៉ុន្តែវាបានបង្កឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ហើយពុំបានបណ្តាលឱ្យមានមនុស្សរងរបួសឡើយ ខណៈប្រព័ន្ធការពារដែនអាកាស ក៏បានបាញ់កម្ទេចដ្រូនប៉ុន្មានគ្រឿងផ្សេងទៀត ដែលហោះសំដៅឆ្ពោះមករករដ្ឋធានីរបស់រុស្ស៉ី ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។
អភិបាលទីក្រុងមូស្គូ លោក សឺហ្គៃ សូប្យានីន (Sergei Sobyanin) បាននិយាយថា អគារ២ខ្នងដែលរងការខូចខាតក្នុងការវាយប្រហារ ត្រូវបានជម្លៀសមនុស្សចេញ។ ក្រោយមក លោក អាន់ឌ្រៃ វ៉ូរ៉ូបយូវ (Andrei Vorobyov) អភិបាលតំបន់មូស្គូ បានឱ្យដឹងថា យន្តហោះដ្រូនប៉ុន្មានគ្រឿង ត្រូវបានបាញ់កម្ទេច ពេលដែលពួកវាកំពុងហោះសំដៅទៅរក ទីក្រុងមូស្គូ។ វាមិនទាន់ច្បាស់ទេថា តើនរណាជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូននោះ ប៉ុន្តែវាគឺជាករណីវាយប្រហារលើកទី២ហើយនៅទីក្រុងមូស្គូ បន្ទាប់ពីក្នុងខែដដែលនេះ អាជ្ញាធររុស្ស៉ីបានអះអាងថា មានដ្រូន២គ្រឿងបានវាយប្រហារលើវិមានក្រឹមឡាំង ក្នុងសកម្មភាពដែលទីក្រុងមូស្គូចាត់ទុកថា ជាការប៉ុនប៉ងធ្វើឃាតលើ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។
គួរបញ្ជាក់ថា រីឯរដ្ឋធានីកៀវរបស់អ៊ុយក្រែនឯណោះវិញ ក៏បានបន្តរងការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់កងកម្លាំងរុស្ស៉ីផងដែរ នាថ្ងៃអង្គារនេះ ខណៈមនុស្សម្នាក់បានបាត់បង់ជីវិត និង៣នាក់បានរងរបួស បន្ទាប់ពីអគារខ្ពស់មួយបានរងការឆាបឆេះ។ រុស្សីបានបង្កើនការវាយប្រហារជាថ្មីដោយប្រើដ្រូន និងមីស៉ីលទៅលើទីក្រុងកៀវ និងតំបន់មួយចំនួនទៀតរបស់អ៊ុយក្រែន ចាប់តាំងតែពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកនេះ៕