(ការ៉ាកាស់)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសរបស់លោកមានចំណាប់ អារម្មណ៍ ក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS ដែលរួមមានប្រទេសជាសមាជិកដូចជា ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ នេះបើយោងតាម ការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីប្រេស៉ីល លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើយើងត្រូវបានគេសួរថាតើវ៉េណេស៊ុយអេឡា ចង់ក្លាយជាផ្នែក មួយនៃ BRICS នាពេលអនាគតឬអត់? ប្រាកដណាស់ ពួកយើងចង់ក្លាយជាផ្នែកមួយនៃ BRICS ហើយរួមគ្នារក្សាស្ថិរភាពភូមិសាស្ត្រនយោបាយ»។ លោក ម៉ាឌូរ៉ូ បានបន្ថែមថា «BRICS អាចជួយបង្រួបបង្រួមប្រទេសនៅអាមេរិកខាងត្បូង ដែលស្វែងរកសន្តិភាព និងកិច្ចសហប្រតិបត្តិការគ្នា។ មកទល់នឹងពេលនេះ មានប្រទេសជាង ៣០ហើយបានដាក់ពាក្យសម្រាប់សមាជិកភាពនៅក្នុង BRICS»

ជាការឆ្លើយតប ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៉ីលវ៉ា បាននិយាយថាលោកនឹងគាំទ្រការដាក់ពាក្យសុំចូលជាសមាជិក BRICS របស់វ៉េណេស៊ុយអេឡា។ លោក លូឡា បានគូសបញ្ជាក់ថា «ក្តីសុបិនរបស់ខ្ញុំគឺថា យើងមានរូបិយប័ណ្ណរួមគ្នា ដើម្បីអោយប្រទេសរបស់យើងអាចធ្វើអាជីវកម្មដោយមិនចាំបាច់ពឹងផ្អែកលើប្រាក់ដុល្លារ។ សុបិនថា BRICS នឹងបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួន ដូចជាសហភាពអឺរ៉ុបដែលបានលេចឡើងជាមួយនឹងរូបិយប័ណ្ណអឺរ៉ូ»

គួរបញ្ជាក់ថា កាលពីខែមិថុនា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើនៅក្នុងកិច្ចប្រជុំកំពូល BRICS ថាលទ្ធភាពនៃការបង្កើតរូបិយប័ណ្ណបម្រុងអន្តរជាតិ ដោយផ្អែកលើកញ្ចប់រូបិយប័ណ្ណរបស់ប្រទេស BRICS ស្ថិតក្នុងការពិចារណា ហើយលោក លូឡា ក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមនេះដែរ៕