(សេអ៊ូល)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រទេសរបស់លោកសង្ឃឹមយ៉ាងមុតមំាថាកូរ៉េខាងត្បូង នឹងផ្ដល់បរិក្ខារយោធា ក្នុងនោះរួមមានទាំងប្រព័ន្ធ អាវុធប្រឆាំងយន្ដហោះចម្បាំង ដើម្បីទប់ទល់នឹងការវាយប្រហារពីសំណាក់រុស្ស៉ី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ត្រូវបានដកស្រង់សម្ដីចុះផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង ចូសាន់ អ៉ីលបូ (Chosun Ilbo) នៅថ្ងៃអង្គារនេះ បន្ទាប់ពីកិច្ចសម្ភាសន៍មួយ។ បើតាម Chosun Ilbo លោក ហ្សេលេនស្គី ក៏បានអរគុណកូរ៉េខាងត្បូងផងដែរ ជុំវិញការសន្យាផ្ដល់បរិក្ខារដោះគ្រាប់មីន និងជំនួយមនុស្សធម៌ មានទំហំទឹកប្រាក់ ២៣០លានដុល្លារ។ ប៉ុន្តែមេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយថាទីក្រុងចង់បានប្រព័ន្ធអាវុធប្រឆាំងយន្ដហោះចម្បាំង និងប្រព័ន្ធផ្ដល់សញ្ញាអាសន្ន ពីការវាយប្រហារ។ «ខ្ញុំដឹងថាមានការដាក់កំហិតជាច្រើនពាក់ព័ន្ធនឹងការផ្ដល់អាវុធ ប៉ុន្តែគោលការណ៍ទាំងនោះមិនគួរត្រូវបានអនុវត្តចំពោះប្រព័ន្ធអាវុធការពារ និងបរិក្ខារ សម្រាប់ការការពារខ្លួននោះទេ»។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី ដោយបន្ថែមថាប្រព័ន្ធអាវុធប្រឆាំងយន្ដហោះចម្បាំង ជាអាវុធការពារខ្លួនសុទ្ធសាធ ហើយ សង្ឃឹមថាកូរ៉េខាងត្បូងនឹងយល់ព្រមផ្ដល់ឱ្យ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាអ្នកនាំចេញអាវុធដ៏ធំមួយផងនោះ មកទល់នឹងបច្ចុប្បន្ន បានបដិសេធបញ្ជូនអាវុធ ដែលអាចសម្លាប់ជីវិតមនុស្សទៅឱ្យអ៊ុយក្រែន ដោយសារតែទំនាក់ទំនងជាមួយរុស្ស៉ី និងឥទ្ធិពលរបស់ទីក្រុងមូស្គូលើកូរ៉េខាងជើង បើទោះជាមានសម្ពាធទីក្រុង វ៉ាស៊ីនតោន និងអឺរ៉ុបក៏ដោយ៕