(ញូវដេលី)៖ ការរៀបចំគម្រោងដើម្បីពង្រីកឥទ្ធិពលអំណាចរបស់សហរដ្ឋអាមេរិក ចូលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញក្នុងដំណាក់កាលថ្មីមួយទៀត។ គណៈកម្មាធិការជ្រើសរើសសភាអាមេរិក ស្តីពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងបក្សកុម្មុយនិស្តចិន បានស្នើឱ្យ សហរដ្ឋអាមេរិកបញ្ចូលប្រទេសឥណ្ឌា ក្នុងអង្គការ NATO-Plus ដែលការស្នើនេះ បានធ្វើឡើង នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ទៅកាន់សហរដ្ឋ អាមេរិក។

ប្រទេសឥណ្ឌាត្រូវគេបារម្ភថានឹងអាចក្លាយជាផ្នែកមួយនៃអង្គការ NATO Plus តាមរយៈ ការ រៀបចំទុកជាមុនមួយរបស់សហរដ្ឋអាមេរិកដើម្បីត្រៀមទប់ទល់នឹងប្រទេសចិននិងរុស្ស៊ី ខណៈដែលភាពតានតឹងរបស់ពិភពលោកកាន់តែកើនកម្តៅខ្លាំងឡើង។ នេះគឺជាការរាលដាលនូវ ដំបៅឆ្លងមួយផ្សេងទៀត ដែលនឹងជួយផ្តល់លទ្ធភាពដល់សហរដ្ឋអាមេរិកនិងប្រទេសស​ម្ព័ន្ធ មិត្តលោកខាងលិចនូវភាពស្របច្បាប់របស់ខ្លួនក្នុងការធ្វើអន្តរាគមន៍លូកដៃកាន់តែជ្រៅចូល មកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គណៈកម្មាធិការជ្រើសរើសសភាអាមេរិក ស្តីពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងបក្សកុម្មុយនិស្តចិន US House China Select Committee on the Strategic Competition between the United States and the Chinese Communist Party បានផ្តល់អនុ សាសន៍នេះ ដើម្បីរកកិច្ចប្រឹងប្រែងការដាក់បញ្ចូលប្រទេសឥណ្ឌានៅក្នុងអង្គការ NATO Plus ដែលជាក្រុមជ្រើសរើសនៃសម្ព័ន្ធមិត្តរបស់អាមេរិក។ គណៈកម្មាធិការជ្រើសរើសសភាអាមេរិក ស្តីពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិកនិងបក្សកុម្មុយនិស្តចិន គឺជាក្រុម ដែលទើបនឹងបង្កើតឡើងកាលពីខែមករាឆ្នាំ២០២២ ដែលទិសដៅគឺការផ្តល់នូវសំណើនានា មកកាន់សភាតំណាងរាស្ត្រអាមេរិកផ្តោតលើកត្តាសន្តិសុខនិងកត្តាសេដ្ឋកិច្ចពាក់ព័ន្ធលើការប្រកួតប្រជែងយកឈ្នះលើប្រទេសចិន។ គណៈកម្មាធិការជ្រើសរើសសភាអាមេរិកនេះ រួមមាន សមាសភាព១៣នាក់ពីគណបក្សសាធារណរដ្ឋ និង១១នាក់ពីគណបក្សប្រជាធិបតេយ្យ។

សេចក្តីរាយការណ៍បាននិយាយថា ការស្នើរកការដាក់បញ្ចូលឥណ្ឌានៅក្នុងក្រុមដៃគូកិច្ចការ ពារដែលជ្រើសរើសនេះ នឹងជួយឥណ្ឌាលើការបង្កើនការចែករំលែកព័ត៌មានសម្ងាត់ ការផ្តល់ លទ្ធភាពឈានទៅដល់ការប្រើប្រាស់បច្ចេកវិទ្យាយោធាទំនើប និងការពង្រឹងភាពជាដៃគូផ្នែក កិច្ចការពាររវាងឥណ្ឌានិងសហរដ្ឋអាមេរិក។

ឥណ្ឌាទោះបីជាប្រទេសដែលមានការជឿនលឿនលើការផលិតអាវុធ លក់ចេញឱ្យប្រទេស មួយចំនួនលើសកលលោកក៏ដោយ ប៉ុន្តែបច្ចេកវិទ្យាយោធាទំនើបរបស់ខ្លួនមិនទាន់អាចប្រៀប ផ្ទឹមនឹងប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក បារាំងឬប្រទេសចិននោះឡើយ។ រុស្ស៊ី គឺជាប្រទេស ដែលជួយផ្តល់អាវុធទំនើបដល់ប្រទេសឥណ្ឌា ដែលមូលហេតុនេះហើយ ឥណ្ឌាត្រូវគេឃើញ ថាតែងប្រុងប្រយ័ត្នលើនយោបាយការបរទេសរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហារុស្ស៊ី។

ប្រទេសឥណ្ឌាបើទោះបីជាមានការអំពាវនាវរកការឈប់បាញ់គ្នាក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយ ក្រែនក៏ដោយ ប៉ុន្តែឥណ្ឌាមិនបានថ្កោលទោសរុស្ស៊ីលើសង្គ្រាម លុកលុយចាប់តាំងពី ថ្ងៃទី២៤ កុម្ភៈឆ្នាំ២០២២នោះឡើយ។ រុស្ស៊ីនិងឥណ្ឌាបានចាត់ទុកគ្នាទៅវិញទៅមកនៃដៃគូយុទ្ធសាស្ត្រពិសេស និងមានអភ័យឯកសិទ្ធិ Special and Privileged Strategic Partnership ។ ប៉ុន្តែដើម្បីសម្រេចនូវបំណងការប្រកួតប្រជែងឈ្នះលើប្រទេសចិន ឥណ្ឌាក៏ជាមុខព្រួញ នៃ យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បីការអូសទាញឱ្យឃ្លាតឆ្ងាយពីរុស្ស៊ីនិងប្រទេសចិន។

អនុសាសន៍ស្នើរកការដាក់បញ្ចូលឥណ្ឌាក្នុងអង្គការ NATO Plus នឹងជួយសហរដ្ឋអាមេរិក និង ក្រុមសម្ព័ន្ធមិត្តឱ្យមានទំនុកចិត្តកាន់តែខ្លាំងក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ចិន និងអ្វីដែល គេបានចាត់ទុកថា ជាការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គណៈកម្មាធិការជ្រើសរើសសភាអាមេរិកស្តីពីការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិ និងបក្សកុម្មុយនិស្តចិន គឺជាគណៈកម្មាធិការដឹកនាំដោយប្រធានឈ្មោះមៃកាឡាហ្គើ Mike Gallagher និងលោករ៉ាចា គ្រីស្ហណាម៉ធី Raja Krishnamoorthi ដែលចោទថា ចិន បានធ្វើសកម្មភាពគំរាមនិងឈ្លានពាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងគណៈកម្មាធិការនេះ កំពុងស្វែងរកការកៀរគរកម្លាំងក្រោមលេសការពង្រឹងសន្តិសុខពិភពលោកប្រឆាំងបក្សកុម្មុយ និស្តចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សំណើនេះ ត្រូវគេនិយាយថា គឺ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកតស៊ូមតិអាមេរិក ដែលមានដើមកំណើតឥណ្ឌា ក្នុងនោះរួមទាំងលោករ៉ាម៉េស្ហ កាពួ Ramesh Kapoor ដែលបាន ធ្វើការតស៊ូមតិ រកការគាំទ្រការដាក់បញ្ចូលប្រទេសឥណ្ឌា នៅក្នុងអង្គការ NATO Plus អស់ រយៈពេល ប្រាំមួយឆ្នាំកន្លងមកនេះ។ ការស្នើដាក់បញ្ចូលនេះទៀត បានធ្វើឡើងនៅមុន ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ទៅកាន់សហរដ្ឋអាមេរិកដែល រំពឹងថានឹងធ្វើនៅខែក្រោយនេះ។

តើប្រទេសឥណ្ឌានឹងចូលរួមក្នុងការរៀបចំសម្ព័ន្ធថ្មីនោះដែរឬយ៉ាងណា កំពុងក្លាយជាការ ចង់ដឹងបំផុតរបស់ពិភពលោកនាពេលនេះដោយសារតែប្រទេសឥណ្ឌាជាប្រទេសដែល ប្រកាន់នូវនយោបាយអព្យាក្រិត្យ និងឥណ្ឌាមិនទាន់មានប្រតិកម្មតបជុំវិញបញ្ហានេះឡើយ។
ក្រុមគណៈកម្មាធិការអាមេរិកដែលបានស្នើនូវអនុសាសន៍បញ្ចូលនោះ បានសរសេរថា «ការ ឈ្នះលើការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយនឹងបក្សកុម្មុយនីស្តចិន និងការធានាកត្តាសន្តិ សុខលើកោះតៃវ៉ាន់ គឺទាមទារឱ្យសហរដ្ឋអាមេរិកធ្វើការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយ នឹងក្រុមសម្ព័ន្ធនិងដៃគូសន្តិសុខរបស់យើងរួមមានប្រទេសឥណ្ឌា»។

សំណើសុំដាក់បញ្ចូលឥណ្ឌាក្នុងអង្គការ NATO Plus នោះ គោលបំណងសំខាន់ធំមួយ គឺការ ជួយពង្រឹងសន្តិសុខដល់កោះតៃវ៉ាន់។

តើ NATO Plus ជាអ្វី?
NATO Plus គឺជាការរៀបចំមួយដែលប្រមូលផ្តុំប្រទេសដែលមានភាពជាដៃគូលើវិស័យការពារ ជាផ្លូវការជាមួយនឹងសហរដ្ឋអាមេរិក និងប្រទេសជាសមាជិករបស់ណាតូ។ NATO Plus ត្រូវ បានគេរៀបចំដើម្បីការក្លាយជាដៃគូអានាគតរបស់អង្គការណាតូដែលបច្ចុប្បន្នមានសមាជិក របស់​ខ្លួនចំនួន៣១ប្រទេសរួចមកហើយ។

ក្រុម NATO Plus ត្រូវគេរាយការណ៍ថា រួមមាន អូស្ត្រាលី នូវែលសេឡង់ អ៊ីស្រាអែល ជប៉ុន និងកូរ៉េខាងត្បូង។ ប្រទេសទាំង៥នេះ នឹងធ្វើកិច្ចសហការគ្នា ដើម្បីពង្រឹងកិច្ចខិតខំប្រឹង ប្រែង ផ្នែកសន្តិសុខសមូហភាពប្រឆាំងនឹងប្រទេសចិន។ សំណើដាក់បញ្ចូលឥណ្ឌាក្នុង NATO Plus ត្រូវគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រច្រើនណាស់សម្រាប់ទាំងឥណ្ឌា និងសហរដ្ឋអាមេរិក។ តាមរយៈការចូលរួមជាមួយក្រុមសម្ព័ន្ធមិត្តអាមេរិកដែល ជ្រើសរើស នេះឥណ្ឌានឹងទទួលបានការចែករំលែកព័ត៌មានសម្ងាត់ដោយរលូននិងបច្ចេក វិទ្យាយោធា ថ្មីៗចុងក្រោយបង្អស់ ដោយកាត់បន្ថយភាពយឺតយ៉ាវក្នុងការរីកចម្រើនផ្នែកការពារ ជាតិរបស់ឥណ្ឌា។ ការដាក់បញ្ចូលឥណ្ឌាក្នុង NATO Plus វាការពិតណាស់ ដែលនឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូការពារជាតិរបស់ឥណ្ឌាជាមួយនឹងសហរដ្ឋអាមេរិក។

តួនាទីរបស់ឥណ្ឌាក្នុងការប្រឆាំងឥទ្ធិពលចិនបើសិនចូលរួមក្នុង NATO-Plus គណៈកម្មាធិការជ្រើសរើសសភាអាមេរិក ក្នុងការផ្តល់អនុសាសន៍ទាញយកឥណ្ឌាដាក់ចូល ក្នុងក្រុម Nato-Plus បានអំពាវនាវឱ្យឥណ្ឌាហ៊ានពង្រឹងនូវសេចក្តីក្លាហានការទូតរបស់ខ្លួន ដោយគាំទ្រដល់ការចូលរួមរបស់តៃវ៉ាន់នៅក្នុងបណ្តាអង្គការអន្តរជាតិ។ គណៈកម្មាធិការនេះ នៅបានផ្តល់អនុសាសន៍ឱ្យធ្វើវិសោធនកម្មច្បាប់តៃវ៉ាន់ Taipec Act ដើម្បីប្រឆាំងជាសា ធារណៈនូវការប៉ុនប៉ងណាមួយរបស់បក្សកុម្មុយនីស្តចិនដែលបំផ្លាញ អធិបតេយ្យភាពរបស់តៃវ៉ាន់ តាមរយៈការប្រើដំណោះស្រាយលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិឬគោល នយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិកនោះជាដើម។ សកម្មភាពបែបនោះ ត្រូវគេរំពឹង ថានឹងជួយការរក្សាឋានៈរបស់តៃវ៉ាន់ ក្នុងការប្រឆាំងចំពោះឥទ្ធិពល របស់បក្សកុម្មុយនីស្តចិន។

សកម្មភាពនោះទៀត មានន័យថា ការដាក់បញ្ចូលរបស់ឥណ្ឌានៅក្នុង NATO Plus គឺមានសារៈ សំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រដាក់ ចេញដោយបក្សកុម្មុយនិស្តចិន និងអ្វីដែលសហរដ្ឋអាមេរិកតែងសូត្រនូវទ្រឹស្តីដែលនិយាយ ថា ចិនបានធ្វើសកម្មភាពគំរាមកំហែងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ការស្នើនូវចំណាត់ការដាក់បញ្ចូលនេះទៀត បានកើតឡើងចំពេលដែលឥណ្ឌាខ្លួនឯងបាន ទទួលស្គាល់នូវតម្រូវការចាំបាច់ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនដែលរដ្ឋាភិបាលឥណ្ឌា បាននិយាយថាកំពុងកើនឡើងនៅក្នុងតំបន់ដែលគេចាំបាច់ត្រូវការរក្សាការពារស្ថិរភាពនៅ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គណៈកម្មាធិការជ្រើសរើសសភាអាមេរិកនេះ ក្រៅពីការស្នើរកការដាក់បញ្ចូលប្រទេសឥណ្ឌា នៅបានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសចិន នៅក្នុងព្រឹត្តិការណ៍ ណាមួយដែលមានការវាយប្រហារលើកោះតៃវ៉ាន់ ក៏នឹងមានប្រសិទ្ធភាពបំផុតដែរ ដែលនៅពេលនោះ ក្រុមប្រទេសនៃសម្ព័ន្ធមិត្តសំខាន់ៗ រួមមាន NATO, NATO plus Group G7 និង ប្រទេសជាសមាជិក Quad នឹងចូលរួមជាមួយគ្នានៅក្នុងការឆ្លើយតបតទៅវិញ។

នាពេលនេះរូបភាពនៃអង្គការណាតូទី២ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់ដូចជាបានធ្វើដំណើរ ទៅមុខតាមការរៀបចំរ​បស់សហរដ្ឋអាមេរិកដើម្បីការរំលាយមហាកំពែងរបស់ប្រទេសចិន។ តើមហានាគអាស៊ីចិន នឹងទប់ទល់យ៉ាងណាចំពោះព្យុះនៃឧបាយកលទាំងនេះ?