(ម៉ាឌ្រីត)៖ នាយករដ្ឋមន្ត្រីអេស្បាញ លោក Pedro Sanchez បានអំពាវនាវឱ្យមានការបោះឆ្នោតសភាមុនកាលកំណត់នៅខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សសង្គមនិយមដែលកំពុងកាន់អំណាចរបស់លោក បានទទួលរងនូវការបរាជ័យយ៉ាងខ្លាំង នៅក្នុងការបោះឆ្នោតថ្នាក់ស្រុក និងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ជាតិ លោក Sanchez បាននិយាយថា លោកបានជូនដំណឹងដល់ប្រមុខរដ្ឋអេស្បាញ ស្តេចអេស្ប៉ាញ Felipe VI រួចហើយអំពីការរៀបចំការបោះឆ្នោតសភាមុនកាលកំណត់ នៅថ្ងៃទី២៣ ខែកក្កដា ហើយថាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញមួយនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ដើម្បីអនុម័តសេចក្តីសម្រេចនេះ។
លោក Sanchez បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានធ្វើការសម្រេចចិត្តបែបនេះ ដោយផ្អែកលើលទ្ធផលបោះឆ្នោតកាលពីម្សិលមិញ»។
គួរបញ្ជាក់ថា គណបក្សពលករសង្គមនិយមរបស់ប្រទេសអេស្ប៉ាញ (PSOE) របស់លោក Sanchez និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺបក្ស Podemos បានបាត់បង់សំឡេងភាគច្រើន ក្នុងអំឡុងការបោះឆ្នោតថ្នាក់ស្រុក និងតំបន់កាលពីថ្ងៃអាទិត្យ ខណៈដែលគណបក្សអភិរក្សនិយមដែលជាគូប្រជែង និងគណបក្ស Vox ស្តាំនិយមបានទទួលទ្ធផលល្អប្រសើរជាង។
«ទោះបីជាការបោះឆ្នោតកាលពីម្សិលមិញមានវិសាលភាពក្នុងមូលដ្ឋាន និងតំបន់ក៏ដោយ អត្ថន័យនៃការបោះឆ្នោតបង្ហាញពីសារដែលលើសពីនោះ។ ហេតុដូច្នេះហើយបានជាក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណបក្សកម្មករសង្គមនិយម ខ្ញុំទទួលយកលទ្ធផលនេះ។» នេះបើតាមការគូសបញ្ជាក់របស់នាយករដ្ឋមន្ត្រីអេស្បាញ លោក Sanchez។
លោក Sanchez អាយុ ៥១ឆ្នាំបានក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៨ បន្ទាប់ពីបានឈ្នះការបោះឆ្នោតដកទំនុកចិត្តលើនាយករដ្ឋមន្ត្រីអភិរក្សនិយម លោក Mariano Rajoy ។ ក្រោយមកលោកក៏បានឈ្នះការបោះឆ្នោតសភាក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្តែមិនបានទទួលបានសំឡេងភាគច្រើនទេ។ លោកបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Podemos ឆ្វេងនិយម ដែលបានរងការបរាជ័យក្នុងការបោះឆ្នោតក្នុងស្រុក កាលពីថ្ងៃអាទិត្យផងដែរ៕