(ហ្សារូសាឡឹម)៖ ក្រុមគ្រូពេទ្យ និងសាក្សីប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និង០៨នាក់ផ្សេងទៀតបានរងរបួសកាលពីព្រឹកថ្ងៃចន្ទ អំឡុងពេលមានការប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែលនៅទីក្រុង Jenin ភាគខាងជើងតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ Ashraf Ibrahim អាយុ ៣៧ឆ្នាំបានស្លាប់ ដោយសាររបួសដែលត្រូវបានបាញ់ដោយទាហានអ៊ីស្រាអែលនៅទីក្រុង Jenin ។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន (Wafa) លោក Ibrahim គឺជាអតីតអ្នកទោស និងជាមន្ត្រីម្នាក់នៅក្នុងសេវាស៊ើបការណ៍ទូទៅរបស់ប៉ាឡេស្ទីន។
អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីអត្តសញ្ញាណបុរសដែលស្លាប់នោះទេ។ ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា ប្រជាជនប៉ាឡេស្ទីនដែលរងរបួសភាគច្រើនស្ថិតក្នុងស្ថានភាពមធ្យម ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅក្នុងទីក្រុងភាគខាងជើងនៃតំបន់ West Bank កើតឡើង ចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានផ្ទុះឡើងចាប់តាំងពីដើមខែមករាមក។ តួលេខប៉ាឡេស្ទីន និងអ៊ីស្រាអែលបង្ហាញថា ចាប់តាំងពីពេលនោះមក មានជនជាតិប៉ាឡេស្ទីនជាង ១២០នាក់ត្រូវបានទាហានអ៊ីស្រាអែលសម្លាប់ ហើយអ៊ីស្រាអែល ១៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីន៕