(ប៉េកាំង)៖ ក្នុងនាមជារដ្ឋមន្ត្រីការបរទេស ដែលត្រូវគេយកចិត្តទុកដាក់បំផុត ក្នុងប្រវតិ្តសាស្ត្រអាមេរិក លោកបណ្ឌិត Henry Alfred Kissinger ទើបបានឆ្លងថ្ងៃខួបកំណើត ១០០ ឆ្នាំរបស់ខ្លួន។ ពេលមុននេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកអាណត្តិថ្មី បានជួបសន្ទនាជាមួយលោកនិងបានសម្តែងការជូនពរ របស់រដ្ឋាភិបាលចិនចំពោះថ្ងៃខួបកំណើត ១០០ ឆ្នាំរបស់លោក។ នេះបានឆ្លុះបញ្ចាំងពីប្រពៃណីរបស់វប្បធម៌ប្រជាជតិចិន ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះមិត្តភាពនិងសច្ចភាព ហើយក៏បានបង្ហាញពីការកោតសរសើរនិងគោរពចំពោះ "មិត្តចាស់របស់ប្រជាជនចិន" ក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ។

រំលឹកឡើងវិញនូវជីវិតការទូតរបស់លោក Henry Alfred Kissinger ដែលមានអាយុ ១០០ ឆ្នាំ ដំណើរទស្សនកិច្ចដោយសម្ងាត់ ទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ ១៩៧១ បានចារជាប្រវតិ្តសាស្ត្រដ៏មហិមា។ នៅពេលនោះ លោក Henry Alfred Kissinger បានរួមសហការជាមួយមេដឹកនាំនៃប្រទេសចិននិងអាមេរិកកាលនោះ ហើយបានជំរុញប្រទេសទាំងពីរដែលមានសភាពការណ៍ ជាក់ស្តែងរបស់ខ្លួនទីទៃគ្នាឱ្យសម្រេចបាននូវការស្តារ ទំនាក់ទំនងរវាងភាគីទាំងពីរឱ្យមានភាពប្រក្រតីឡើងវិញ។ គិតរហូតដល់បច្ចុប្បន្ននេះ ព្រឹតិ្តការណ៍ដ៏អស្ចារ្យមួយនេះ នៅតែបាននិងកំពុងជះឥទ្ធិពលសំខាន់ ទៅលើប្រទេសទាំងពីរ ចិននិងអាមេរិក ក៏ដូចជាពិភពលោកផងដែរ។

"នៅក្នុងពិភពលោកពហុប៉ូលបច្ចុប្បន្នដ៏ពិតប្រាកដ អាកប្បកិរិយាយ៉ាងប្រាកដប្រជារបស់លោក Henry Alfred Kissinger កាន់តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់។" ទស្សនាវដ្តីប្រចាំសបា្តហ៍«Time»របស់អាមេរិកបានវាយតម្លៃដូចពោលខាងលើ នាពេលថ្មីៗកន្លងទៅនេះ។ ខណៈពេលទំនាក់ទំនងរវាងចិននិងអាមេរិក កំពុងស្ថិតក្នុងផ្លូវបំបែកម្តងទៀត ស្រទាប់ធ្វើសេចក្តីសម្រេចចិត្តនៃសេតវិមាន ពិតជាមានការចាំបាច់សិក្សានិងក្រេបយកពុទ្ធិការទូត របស់ព្រឹទ្ធាចារ្យដែលមានអាយុ ១០០ ឆ្នាំ រូបនេះជាក់ជាមិនខាន។

ទីមួយ គួរតែប្រើក្រសែភ្នែកដែលមានភាពប្រាកដនិយម ដើម្បីស្វែងយល់ពីផលប្រយោជន៍ជាតិរបស់អាមេរិក ប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជា។ ការដែលលោក Henry Alfred Kissinger ជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកសម្រេចបាន នូវការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញកាលពីឆ្នាំ ១៩៧១ គឺបានឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិរបស់អាមេរិក។ ប៉ុន្តែសព្វថ្ងៃនេះ អ្នកនយោបាយអាមេរិកមួយចំនួន បាននិងកំពុងឈ្វេងយល់ពីផលប្រយោជន៍ជាតិ របស់អាមេរិកកាន់តែច្រើនឡើងៗដោយប្រកាន់អាកប្បកិរិយា មិនប្រាកដប្រជាយ៉ាងខ្លាំង ផ្សព្វផ្សាយអ្វីដែលហៅថា "ការទូតខាងគុណតម្លៃ" បង្កើតជា "បក្ខពួក"ដែលញុះញង់ឱ្យមានការបដិបក្ខគ្នាជាក្រុម ក៏ដូចជាធ្វើការប្រកួតប្រជែងផលបូកសូន្យ។ លោក Henry Alfred Kissinger មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ។

ទីពីរ ការជំរុញយុទ្ធសាស្ត្រការទូតរបស់អាមេរិកឱ្យកាន់តែ "ស្មោះត្រង់"តាមរយៈស្មារតីលក្ខណៈជំនាញ តែមិនមែនស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ ដោយឡែកអ្នកនយោបាយមួយចំនួនរបស់អាមេរិក បាននិងកំពុងគិតពិចារណាកាន់តែច្រើនពីនយោបាយគណបក្ស ដោយចាត់ទុកយុទ្ធសាស្ត្រការទូតរបស់ប្រទេសខ្លួន ជាឧបករណ៍មួយសម្រាប់ឆក់យកថ្នូរនយោបាយក្នុងស្រុក និងជាមធ្យោបាយសម្រាប់ឆក់យកផលប្រយោជន៍ផ្នែកនយោបាយផ្ទាល់ខ្លួន ដែលបង្រួញយ៉ាងខ្លាំងនូវលំហប្រកបដោយវិចារណញ្ញាណនិងភាពប្រាកដប្រជា។ ក្នុងវិស័យនេះ សីលធម៌វិជ្ជាជីវៈរបស់លោក Henry Alfred Kissinger គឺជាអ្វីដែលពួកគេខ្វះខាត ហើយក៏ជាអ្វីដែលពួកគេចាំបាច់ត្រូវបំពេញបន្ថែមជាបន្ទាន់ផងដែរ។

លើសពីនេះទៅទៀត អ្នកនយោបាយអាមេរិកក៏គួរតែប្រើក្រសែភ្នែកដ៏វែងឆ្ងាយ និងជំរុញយុទ្ធសាស្ត្រការទូតរបស់ខ្លួន តាមរយៈវិធីដែលទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ។ អ្នកវិភាគជាច្រើនបានថ្លែងថា លោក Henry Alfred Kissinger បានលើកឡើងជាច្រើនលើកថា សន្តិភាពនិងវិបុលភាពនៃពិភពលោកវាស្ថិតនៅលើ ការយោគយល់គ្នាទៅវិញទៅមក រវាងសង្គមទាំងពីរនៃប្រទេសចិននិងអាមេរិក។ ប្រសិនបើចិននិងអាមេរិកកើតមាន"សង្រ្គាមត្រជាក់ថ្មី" នោះ វាមិនត្រឹមតែជាគ្រោះមហន្តរាយនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាគ្រោះមហន្តរាយនៃពិភពលោកទាំងមូលផងដែរ។

ប្រវត្តិសាស្រ្តគឺជាសៀវភៅបង្រៀនដ៏ល្អបំផុត។ ការចាប់ដៃគ្នាដែលមានលក្ខណៈច្នៃប្រឌិតថ្មីរវាងចិននិងអាមេរិកនៅពាក់កណ្តាលសតវត្សរ៍ វាបាននាំមកនូវការបំផុសគំនិតនិងរៀនសូត្រដល់ការដោះស្រាយ ទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ននេះ។ ប្រទេសចិនបានលើកឡើងថា ចិននិងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាពនិងធ្វើ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ នេះគឺជាការសន្សំនូវបទពិសោធន៍ជាង ៥០ ឆ្នាំនៃទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏ជាវិធីសាស្រ្តត្រឹមត្រូវក្នុងការរួមរស់ជាមួយគ្នា រវាងប្រទេសចិននិងអាមេរិកក្នុងយុគសម័យថ្មីផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន