(កៀវ)៖ លោក អាន់ឌ្រី យឺម៉ាក (Andriy Yermak) ដែលជាប្រធានខុទ្ទការល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយ ដែលនឹងដាក់ទណ្ឌកម្មរយៈពេល ៥០ឆ្នាំលើសម្ព័ន្ធមិត្តរបស់រុស្ស៉ីនោះគឺអ៉ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹង ការផ្គត់ផ្គង់អាវុធរបស់ទីក្រុងតេហេរ៉ង់ ដល់ទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ទីក្រុងកៀវ បានអះអាងថា ទីក្រុងមូស្គូបានធ្វើការវាយប្រហារទ្រង់ទ្រាយធំដោយយន្តហោះដ្រូនមកលើអ៊ុយក្រែន ដោយ ប្រើប្រាស់ដ្រូនចំនួន ៥៤គ្រឿងផលិតដោយអ៉ីរ៉ង់ ហើយ ៥២គ្រឿងក្នុងចំណោមយន្ដហោះដ្រូនទាំងនេះត្រូវបានបាញ់ទម្លាក់។ ប្រសិនបើសភាអ៊ុយក្រែន អនុម័តលើ សេចក្តីព្រាងច្បាប់នេះ នោះនឹងឈានទៅដល់ការបញ្ឈប់ការដឹកជញ្ជូនទំនិញពីអ៉ីរ៉ង់ឆ្លងកាត់អ៊ុយក្រែន និងការប្រើប្រាស់ដែនអាកាសរបស់ខ្លួន ក៏ដូចជា ការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាប្រឆាំងអ៉ីរ៉ង់ រួមទាំងពលរដ្ឋអ៉ីរ៉ង់មួយចំនួនផងដែរ។

គួរបញ្ជាក់ថា កន្លងមក ទីក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួននិយាយថា អ៉ីរ៉ង់បាន និងកំពុងផ្គត់ផ្គង់សព្វាវុធដល់រុស្ស៉ី ដែលរួមមានទាំងយន្តហោះដ្រូនរាប់រយគ្រឿង ចាប់តាំងពីក្រុងមូស្គូចូលឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំ២០២២៕