(កោះបាលី)៖ រដ្ឋាភិបាលខេត្តរបស់កោះបាលីនឹងបង្រ្កាបអ្នកទេសចរបរទេសទាំងឡាយណា ដែលប្រើប្រាស់បិយប័ណ្ណគ្រីបតូ (crypto) ជាមធ្យោបាយទូទាត់ប្រាក់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ មជ្ឈមណ្ឌលទិញទំនិញ និងកន្លែងផ្សេងៗទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។
អភិបាលកោះបាលី លោក Wayan Koster បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យនេះថា «អ្នកទេសចរបរទេសទាំងឡាយ ដែលមានអាកប្បកិរិយាមិនសមរម្យ ធ្វើសកម្មភាពដែលមិនត្រូវបានអនុញ្ញាតក្នុងទិដ្ឋាការរបស់ពួកគេ ដោយប្រើប្រាស់ crypto ជាមធ្យោបាយទូទាត់ប្រាក់ និងរំលោភលើបទប្បញ្ញត្តិផ្សេងទៀត នឹងត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់»។
លោក Koster បានបន្ថែមថា «ចំណាត់ការមានចាប់ពីការនិរទេស ការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល ការដាក់ទណ្ឌកម្មព្រហ្មទណ្ឌ ការបិទកន្លែងអាជីវកម្ម និងការដាក់ទណ្ឌកម្មដ៏តឹងតែងផ្សេងទៀត»។
លោកក៏បានបញ្ជាក់ជាថ្មីថា ការប្រើរូបិយប័ណ្ណផ្សេងទៀតក្រៅពីប្រាក់រូពី (របស់ប្រទេសឥណ្ឌូនេស៊ី) ជាមធ្យោបាយទូទាត់ក្នុងប្រទេសឥណ្ឌូនេស៊ី គឺត្រូវបានហាមឃាត់។
គួរបញ្ជាក់ថា យោងតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី ប្រសិនបើនរណាម្នាក់ប្រើប្រាស់រូបិយបណ្ណផ្សេងទៀតក្រៅពីប្រាក់រូពី ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ២០០លានរូពី ឬស្មើនឹ១៣,០០០ដុល្លារអាមេរិក៕